ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានប្រកាសជួយចេញ ថ្លៃសំបុត្រយន្ត ហោះជូនអ្នកវិភាគ បញ្ហានយោបាយ នៅក្រៅប្រទេស ដើម្បីមកមើលពីការអភិវឌ្ឍន៍ របស់កម្ពុជា ជាក់ស្តែងតែម្តង ថាតើភ្នំពេញ បច្ចុប្បន្នខុសពីភ្នំពេញ កាលពីអតីតកាល យ៉ាងដូចម្ដេចខ្លះ។
ថ្លែងក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា មានទស្សនៈវិទូ មានប្រវត្តិវិទូ សេដ្ឋវិទូ ប៉ុន្តែក៏មានអាល្ងង់ទូដែរ ។
សម្តេចបន្តថា មនុស្សណាក៏ដោយ បើមិនផ្អែកលើប្រវត្តិសាស្ត្រ និងមិនទទួលស្គាល់ សង្គ្រាមតាំងពីឆ្នាំ១៩៩៧៥ផង អត់ទទួលស្គាល់ប៉ុល ពតកាប់សម្លាប់មនុស្ស ផង ហើយផលវិបាកនៃរបបប៉ុល ពតឲ្យមានកុមារកំព្រា ស្ត្រីមេម៉ាយ ការព្រាត់ប្រាស់ ហើយសង្គ្រាមនៅបន្តរហូតដល់ បញ្ចប់ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះៗ អ្នកមិនទទួលស្គាល់ចំណុចខាងលើផង បែជាច្បិចយកសភាពការណ៍សព្វតែមួយគត់មកវិភាគនោះ ទោះបីជាអ្នកមានបណ្ឌិតដឹកទាំងឡាន ទាំងតោន ក៏សម្ដេចហៅអ្នកថាជាអាល្ងង់ទូដដែល។
សម្តេចលើកឡើងថាលោក ម៉ក់ ហឺន មិនមែនជាអ្នកល្ងង់ទូនោះទេ ។ យ៉ាងណាលោកពូ បានវិភាគមានលក្ខណៈជាប្រវត្តិសាស្ត្រ ។
ក្នុងការដឹកនាំប្រទេស ឲ្យមានភាពរីកចម្រើន និងវិភាគសភាពការណ៍នោះ សម្តេចបញ្ជាក់ថា៖«ខ្ញុំប្រើវិធីសាស្ត្រ៣ ផ្គួបផ្សំគ្នាមាន១. វិធីសាស្ត្រប្រវត្តិសាស្ត្រ ២. វិចារៈវិជ្ជា និង៣. ឡូស៊ិក ឬតក្កវិជ្ជា។ ទាំងនេះគឺជាអ្វីដែលហ៊ុន សែនធ្វើការវិភាគសភាពការណ៍នៅពេលខាងមុខ »។
សម្តេចក៏បានលើកឡើងថា ការវិភាគរបស់លោក ម៉ក់ ហឺនចំដែលថាសម្តេច ទាល់ច្រក គឺប៉ុល ពតចង់សម្លាប់ហើយ បានរត់នោះគឺមិនត្រូវទេ ។ ដោយសារពេលនេះសម្តេច និងសម្តេចហេងសំរិន មិនបាននៅជាមួយគ្នានោះទេ ។ សម្តេច ថាសម្តេចបានចេញទៅកសាងកងទ័ពតាំងពីថ្ងៃទី២០ ខែមិថុនាឆ្នាំ១៩៧៧ ចំណែកសម្តេចហេង សំរិនបានចេញទៅឆ្នាំ១៩៧៨ ។
សម្តេចបញ្ជាក់ថា៖«ខ្ញុំជាស្ថាបនិកនៃកងកំលាំង ប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា មិនមែនគ្រាន់តែជាមេបញ្ជាការនោះទេ ។ ចំណុចនេះជាចំណុចដែលខ្ញុំ ស្ថិតក្នុងស្ថានភាព ទាល់ច្រកនោះទេ ប៉ុន្តែខ្ញុំគឺជាអ្នកស្វែងរក ផ្លូវសង្គ្រោះជាតិ»។
សម្តេចក៏បានលើកឡើងថា រាល់សកម្មភាព រំដោះប្រទេស សម្តេចមានវត្តមានទាំងអស់ ដែលបានចារជាប្រវត្តិសាស្ត្រតែម្តង ។ ចំពោះឈ្មោះរណសិរ្ស គឺសម្តេចជាអ្នកស្នើឡើង ដោយសារជាកងទ័ព ដែលសម្តេចបង្កើតឈ្មោះថា «កងកំលាំងប្រដាប់អាវុធ សង្គ្រោះជាតិ កម្ពុជា» ។
ជាមួយគ្នានោះដែរ សម្តេចបញ្ជាក់ថា«លោកពូវិភាគត្រូវដែរ ហើយគាត់ថាគាត់មកភ្នំពេញ ដែរកាលសម័យនោះ មុននឹងចេញទៅអាមេរិក តាមប្រទេសថៃ ។ឥឡូវសូមអញ្ជើញលោកពូ (ម៉ក់ហឺន)មកលេងភ្នំពេញ ខ្ញុំចេញសំបុត្រយន្តហោះឲ្យ ខ្ញុំប៉ាវឲ្យពូ មកមើលភ្នំពេញបច្ចុប្បន្ន ខុសនឹងភ្នំពេញកាលពី ពេលលោកពូចេញយ៉ាងម៉េច ។ ទាំងលោក ចិត្រា លោក សុបិន លោកគ្រឹស្នា ដែលជាអ្នកវិភាគនៅខាងក្រៅ ។បើចង់មកខ្ញុំជួយចេញសំបុត្រយន្តហោះ មកស្រុកខ្មែរខ្ញុំជួយចេញថ្លៃ សំបុត្រឲ្យ ដើម្បីដឹងថាស្រុកខ្មែរយ៉ាងម៉េច»៕
ដោយ ៖ ស សំណាង