ព័ត៌មានជាតិ

សម្ដេចតេជោ សោកស្ដាយបឹងតាមោក ព្រោះចុះហត្ថលេខាលើ អនុក្រឹត្យមួយខុស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការចុះហត្ថលេខាលើអនុក្រឹត្យ កំណត់ផ្ទៃបឹងតាមោកខុស កាលពីអតីតកាល ដោយសារតែទុកចិត្តលើសេនាធិការខ្លាំងពេក ប៉ុន្តែសម្ដេចក៏បានប្រកាស នឹងបន្តកាត់ផ្ទៃបឹងតាមោកបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ និងកាត់ជូនប្រជាជនដែលកំពុងអាស្រ័យផល ។

ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមានការធុញទ្រាន់ ជាមួយការលើកឡើងច្រំដែល នៃមនុស្សមួយចំនួនដែលថាលុបបឹងនេះបឹងនោះ ។ សម្ដេចបានចោទជាសំណួរ កាន់អ្នករិះគន់វិញថា តើទីក្រុងភ្នំពេញកាលពីដើម កន្លែងណាគោក កន្លែងណាទឹក?

សម្ដេចតេជោបន្តថា នៅទីក្រុងភ្នំពេញកាលពីមុន សុទ្ធតែបឹងទាំងអស់ សូម្បីតែផ្ទះរបស់សម្ដេច និងវិមានឯករាជក៏សង់លើព្រែកដែរ ។

សម្ដេចបញ្ជាក់ថា «យើងមានបឹងរាំង បឹងព្រលឹត បឹងកេងកង យើងមានបឹងនេះ បឹងនោះ សុទ្ធតែបឹងទាំងអស់ នៅទីក្រុងភ្នំពេញ ចុះពេលនោះម៉េចគេលុបបាន ឥឡូវម៉េចក៏ខ្ញុំលុបមិនបាន ក្រែងត្រូវកាអភិវឌ្ឍន៍ បើត្រូវការអភិវឌ្ឍ វាត្រូវការលុប ម៉េចជំនាន់មុនធ្វើបាន ជំនាន់ខ្ញុំធ្វើមិនបាន» ។

ទន្ទឹមគ្នានោះសម្ដេច បានប្រកាសមិនយល់ស្រប ចំពោះការបិតមុខទឹក ដែលបង្វែរចរន្តទឹក ឧទាហរណ៍ស្ទឹងព្រែកត្នោត ត្រូវតែទម្លាយមុខទឹករបស់វា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ខ្ញុំសុំបញ្ចាក់ថា និយាយពីបឹងតាមោកមួយ ខ្ញុំស្ដាយនោះស្ដាយ ស្ដាយត្រង់ខ្ញុំចុះហត្ថលេខា លើអនុក្រឹត្យមួយខុស ម៉េចបានថាខុស ឲ្យមកធ្វើអនុក្រឹត្យឲ្យឯងចុះហត្ថលេខា ទឹកឡើងដល់ណាព្រំដែនដល់នោះ អាហ្នឹងកាលពីមុនអត់មានអនុក្រឹត្យ ដល់ពេលឲ្យទៅធ្វើអនុក្រឹត្យ យកតាមគំរូ លី គឹមហាន ។ ប្រជាពលរដ្ឋបានសួរថា តើព្រំដែនឡូនេសាទនៅដល់ណា បងលី គឹមហាន គាត់ឆ្លើយថា ទឹកឡើងដល់ណា គឺឡូនេសាទដល់ទីនោះ ។ ដល់ចឹងទេខ្ញុំ ចង់ឲ្យកំណត់តំបន់ដែលត្រូវការពារ ស្រាប់តែមកព្រះអើយ ទៅមើលក្នុងអនុក្រឹត្យ សុទ្ធតែស្រែប្រាំងរបស់ប្រជាជន ខ្ញុំនឹងកាត់បន្តទៀតប្រាប់ឲ្យហើយ ព្រោះសុទ្ធតែស្រែប្រាំងប្រជាជន បើមិនកាត់ឲ្យប្រជាជន» ។

សម្ដេចបន្តថា ដីប្រជាជនកំពុងតែធ្វើស្រែប្រាំង យកដាក់ក្នុងអនុក្រឹត្យ ឲ្យទៅជាដីរដ្ឋដែរ ខណៈដែលខែប្រាំងគោកទឹកអស់ ថាជាបឹងដែរ ។ សម្ដេចបញ្ជាក់ខ្លីថា «ខ្ញុំស្ដាយណាស់ ប៉ុន្តែអនុក្រឹត្យនេះទុកឲ្យខ្ញុំចាត់ចែង» ។

សម្ដេចផ្ដាំទៅអ្នកពូកែរិះគន់ថា ច្រណែនឬមួយយ៉ាងម៉េច បើប្រទេសនានាគេបូមដល់ទៅសមុទ្រ ពង្រីកសមុទ្រយកដីដើម្បីអភិវឌ្ឍន៍ទៅហើយ ចុះហេតុអ្វីកម្ពុជា ធ្វើនេះក៏ខុស ធ្វើនោះក៏ខុស ។ សម្ដេចថា រឿងអ្នកជេរចង់ជេរក៏ជេរទៅ តែសម្ដេចធ្វើ គឺនៅតែធ្វើ ហើយមានតែអ្នកឈ្នះប៉ុណ្ណោះ ដែលមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ ។

សម្ដេចបន្ថែមថា អភិវឌ្ឍន៍កាន់តែច្រើន ទីក្រុងក៏កាន់តែរីកធំ កន្លែងធ្វើការក៏កាន់តែច្រើន ។ សម្ដេចក៏បានឲ្យអគ្គបញ្ជាការកងទ័ព និងមន្ទីរពេទ្យពីរកន្លែង (ក្នុងនោះមានពេទ្យកាល់ម៉ែត) ពង្រីកមកខាងបឹងតាមោក ហើយការពង្រីកនេះគ្មានពាក់ព័ន្ធ ជាមួយកាស្តុកទឹកនោះទេ ។

សម្ដេចមានប្រសាសន៍ថា ការរីកចម្រើននេះជាការរីកចម្រើនរបស់ប្រទេសជាតិ ទោះបីជាផ្នែករដ្ឋក៏ដោយ ឯកជនក៏ដោយ ក៏បានបង្កើតការងារឲ្យប្រជាពលរដ្ឋ បានជាច្រើនផងដែរ ហើយរដ្ឋក៏ទទួលបាន ចំណូលតាមរយៈការបង់ពន្ធ ៕

To Top