ទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ដែលមិនធ្លាប់មាន ពីមុនដល់ទីផ្សារកសិផលអន្តរជាតិក៏ដោយ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៩ មកកិច្ចសហប្រតិបត្តិការផែ្នកកសិកម្ម រវាងចិននិងកម្ពុជា បានកើនឡើងដោយផ្ទុយនឹងនិន្នាការ។ ការនាំចេញកសិផលពិសេសរបស់កម្ពុជា ទៅកាន់ប្រទេសចិន ដូចជា ផែ្លចេកនិងអង្ករជាដើម បានកើនឡើងជាបន្តបន្ទាប់។ ដោយឡែកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ ដែលចិននិងកម្ពុជាបានចុះហត្ថលេខា បានបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការពូនជ្រំកាលានុវត្តនភាពថ្មី និងត្រួសត្រាយនិម្មាបនកម្មថ្មី ក្នុងកិច្ចសហប្រតិបត្តិការផែ្នក កសិកម្មរវាងប្រទេសទាំងពីរ។
![](https://dap-news.com/wp-content/uploads/2021/01/photo_2021-01-22_12-34-46.jpg)
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ទទួលបានការវិវឌ្ឍរីកចម្រើន កិច្ចសហប្រតិបត្តិការផែ្នកកសិកម្ម រវាងចិននិងកម្ពុជាបានលើកកម្ពស់ លំដាប់ថ្នាក់ឥតឈប់ឈរ។ កាលពីខែឧសភា ឆ្នាំ ២០១៩ ផែ្លចេកកម្ពុជាត្រូវបាននាំចេញ ទៅកាន់ប្រទេសចិនជាលើកដំបូង នេះគឺជាលើកទី ១ ហើយដែលផ្លែឈើស្រស់កម្ពុជា បាននាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន។ កាលពីខែមិថុនា ឆ្នាំ២០២០ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិនបានធ្វើឡើង នៅរាជធានីភ្នំពេញដែលមានន័យថា ផ្លែស្វាយកម្ពុជាក៏បានទទួល លិខិតឆ្លងគយសម្រាប់ការនាំចេញ ទៅកាន់ប្រទេសចិនផងដែរ។ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២០ សរុបដល់ទៅ ២សែន ៥ម៉ឺន ៨ពាន់ ២រយតោនដែលបានកើនជាង ១សែន ៦ម៉ឺន ៥ពាន់ តោនបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិននិងកម្ពុជាកំពុងពន្លឿន ការងារខាងការភូតគាមអនាម័យ សម្រាប់ឱ្យកសិផលពិសេសកម្ពុជា នាំចេញទៅកាន់ប្រទេសចិន ក្នុងនោះ បូករួមទាំង ផ្លែមៀន ផ្លែស្រការនាគ ផ្លែដូង ម្រេច សំបុកត្រចៀកនិងផលិតផលជលផលជាដើម។
![](https://dap-news.com/wp-content/uploads/2021/01/photo_2021-01-22_12-34-50.jpg)
បច្ចុប្បន្ននេះ ខណៈពេលការងារនៅជំហានក្រោយ ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីរវាងចិននិងកម្ពុជា ត្រូវបានប្រព្រឹតិ្តទៅប្រកបដោយរបៀបរៀបរយ កិច្ចសហប្រតិបត្តិការផែ្នកកសិកម្ម រវាងប្រទេសទាំងពីរក៏នឹងពន្លឿនជំហានទៅមុខ។
សម្រាប់ប្រទេសកម្ពុជា តាមការប៉ាន់ប្រមាណនឹង មានវិនិយោគិនចិន និងសហគ្រាសបរទេសកាន់តែច្រើន មានសុទិដ្ឋិនិយមចំពោះឧត្តមភាពកម្ពុជា ក្នុងការអភិវឌ្ឍអេកូ-កសិកម្ម និងអត្ថប្រយោជន៍ខាងគោលនយោបាយ បន្ទាប់ពីបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីព្រម និងបង្កើតក្រុមហ៊ុននៅកម្ពុជា ដែលអាចផ្តល់អំណោយផល ដល់ការផ្លាស់ប្តូររូបមន្ត និងលើកកម្ពស់លំដាប់ថ្នាក់លើ វិស័យអភិវឌ្ឍកសិផលកម្ពុជា ដូចជា ការបង្កើតខ្សែសង្វាក់ឧស្សាហកម្ម កែច្នៃកសិផលចរាចរទំនិញ និងការដឹកជញ្ជូនជាដើម ក្នុងន័យលើកស្ទួយតម្លៃបន្ថែម របស់កសិផលកម្ពុជាដែល នាំចេញទៅកាន់បរទេស។
![](https://dap-news.com/wp-content/uploads/2021/01/photo_2021-01-22_12-35-04-1024x643.jpg)
សម្រាប់ប្រទេសចិនវិញ ទន្ទឹមនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ក្នុងស្រុកសម្រាប់កសិផលត្រូពិកគុណភាពខ្ពស់ មានការកើនឡើងយ៉ាងខ្លាំង ទស្សនៈការប្រើប្រាស់ដែលថា “រសជាតិដើម កសិផលមកពីប្រភពដើម បានក្លាយជាភាពទាន់សម័យ ក្នុងការប្រើប្រាស់ជាសន្សឹមៗ ហើយកសិផលពិសេសកម្ពុជា ដែលលែងប្រើជីគីមីនិងថ្នាំបំពុលសត្វល្អិត និងបៃតងកាន់តែច្រើននឹងចូល ទៅផ្ទះប្រជាជនសាមញ្ញកាន់តែច្រើន។ ព្រមពេលជាមួយគ្នានេះ សហគ្រាសកសិកម្មចិន ដែលប្រកបអាជីវកម្មនៅប្រទេសកម្ពុជា ព្រមទាំងសួនឧស្សាហកម្ម និងសហគ្រាសដែលធ្វើពាណិជ្ជកម្ម នាំចេញនាំចូលកសិផលក្នុងស្រុក ក៏មានចន្លោះអភិវឌ្ឍកាន់តែទូលំទូលាយ និងដើរតួនាទីកាន់តែធំក្នុងកិច្ចសហប្រតិបត្តិការ ផែ្នកកសិកម្មទ្វេភាគីផងដែរ។
![](https://dap-news.com/wp-content/uploads/2021/01/photo_2021-01-22_12-34-55.jpg)
ខណៈពេលប្រទេសចិនបើកទូលាយ ទីផ្សាររបស់ខ្លួនថែមមួយកម្រិតទៀត តាមការប៉ាន់ប្រមាណនៅពេលអនាគត នឹងមានផលិតផលគុណភាពខ្ពស់ របស់កម្ពុជាកាន់តែច្រើននាំចេញ ទៅកាន់ប្រទេសចិន។ ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងចិននិងកម្ពុជាក៏នឹងធ្វើឱ្យ កសិផលកម្ពុជាមានឧត្តមភាពខាងតម្លៃ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ លើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀតផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)