ភ្នំពេញ ៖ នាពេលថ្មីៗនេះ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្តីពី ផលប៉ះពាល់នៃ គ្រឿងស្រវឹង ជូនអ្នកសារព័ត៌មាន មកពី១៦ស្ថាប័នផ្សេងៗគ្នា ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹង ក្នុងការយកទៅផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ។
វគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងដឹងពីផល ប៉ះពាល់នៃការប្រើប្រាស់ផលិតផលគ្រឿង ស្រវឹង ,យុទ្ធសាស្ដ្រទីផ្សារទីៗ របស់ឧស្សាហកម្មគ្រឿងស្រវឹង ,វិធានការមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយហានិភ័យ នៃការប្រើប្រាស់គ្រឿងស្រវឹង ,ការគ្រប់គ្រងផលិតផលគ្រឿង ស្រវឹងនៅកម្ពុជា និងបណ្ដាប្រទេសអាស៊ាន ,តួនាទី និងទំនួលខុសត្រូវ របស់សារព័ត៌មាន ក្នុងការរួមចំណែក កាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងស្រវឹង ។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល លោក សុង ឌៀរ៉ាក់ មន្រ្តីគម្រោង អង្គការចលនាដើម្បីសុខភាពកម្ពុជា បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ដោយបានលើកឡើង នូវវិធានការចំនួន៤ ដែលចេញដោយអង្គការសុខភាពពិភពលលោក ដើម្បីកាត់បន្ថយហានិភ័យ នៃការប្រើប្រាស់គ្រឿងស្រវឹង ។ ក្នុងនោះរួមមាន ៖ទី១-ហាមការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ទម្រង់ ,ទី២-កំណត់អាយុអ្នកទិញ និងអ្នកប្រើប្រាស់ ,ទី៣-ផ្តល់អជ្ញាបណ្ណដល់កន្លែងលក់ស្រាបៀរ និងទី៤-គឺការដំឡើងពន្ធ។
ជាមួយគ្នានោះ មន្រ្តីគម្រោងអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា ផលប៉ះពាល់នៃគ្រឿងស្រវឹងបា នបណ្តាលឲ្យមនុស្សស្លាប់ ប្រមាណ៣លាននាក់ នៅទូទាំងពិភពក្នុងមួយឆ្នាំ និងបង្កឲ្យមានជំងឺជាង២០០មុខ ។
យោងតាមរបាយការរបស់អង្គការ សុខភាពពិភពលោក ជំងឺដែលបង្កឡើងដោយសារគ្រឿង ស្រវឹងមាន ដូចជា ជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសំពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលវិបល្លាសជាដើម ។ ក្រៅពីផលវិបាក នៃសុខភាព ការប្រើប្រាស់គ្រឿងស្រវឹង បង្កអោយមានគ្រោះថ្នាក់ចរាចណ៍ អំពើហិង្សា ការខាតបង់សេដ្ឋកិច្ច និងបញ្ហាសង្គមជាច្រើនទៀត ៕