ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា កម្ពុជាចែករំលែកក្តីប្រាថ្នារួម ចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពដើម្បីដោះស្រាយភាពខុសគ្នា ប្រកបដោយការ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួម កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ឋវីដេអូ។
កិច្ចប្រជុំបានសម្តែងការគាំទ្រ ចំពោះមូលបទរបស់ប្រទេសប្រ៊ុយណេ «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» និងចំណុចអាទិភាពគន្លឹះទាំងបី ដែលផ្តោតជាសំខាន់ទៅលើ ការកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា ការត្រៀមលក្ខណៈនិងសម្របខ្លួន សម្រាប់ពេលអនាគតដើម្បីធានា សុខុមាលភាពប្រជាជនអាស៊ាន និងអនាគតដែលប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាព ក៏ដូចជា ជំរុញការស្តារឡើងវិញរបស់អាស៊ាន ពីជំងឺរាតត្បាតសកលកូវីដ-១៩។
សេចក្ដីប្រកាសបន្តថា ចំពោះទំនាក់ទំនងជាមួយភាគីខាងក្រៅ កិច្ចប្រជុំបានសង្កត់ធ្ងន់ម្តងទៀតពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអបអរសារទការចូលកាន់តំណែង របស់រដ្ឋបាលសហរដ្ឋអាមេរិកថ្មី និងរំពឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក និង ជំរុញកិច្ចសហប្រតិបត្តិការកំរិតខ្ពស់ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ដោយភាគីទាំងពីរធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមដើម្បីជំរុញបន្ថេមនូវទំនាក់ទំនងគ្រប់ កំរិត ដើម្បីសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយសន្តិភាពនៅក្នុងតំបន់ ។
សម្រាប់បញ្ហាក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីបានចែករំលែកទស្សនៈ និងការយល់ឃើញលើបញ្ហាមួយចំនួន រួមមាន ទិដ្ឋភាពភូមិសាស្ត្រនយោបាយ ការវិវឌ្ឍនៅតំបន់ឧបទ្វីបកូរ៉េ សេដ្ឋកិច្ច ពណ៌ខៀវ បញ្ហារដ្ឋរ៉ាខាញ និងបញ្ហាសមុទ្រចិនខាងត្បូង។
ឆ្លៀតក្នុងឱកាសកិច្ចប្រជុំនោះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពី ការស្វាគមន៍របស់កម្ពុជា ចំពោះការទទួលយកចក្រភពអង់គ្លេស ជាដៃគូសន្ទនារបស់អាស៊ាន និងលើកទឹកចិត្តអាស៊ាន ឱ្យដោះស្រាយនូវរាល់បញ្ហានីតិវិធីនានា ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ថា «ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាចែករំលែកក្តីប្រាថ្នារួម ចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ កម្ពុជាតែងតែលើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធដោយផ្ទាល់ ដើម្បីដោះស្រាយភាពខុសគ្នា ប្រកបដោយការ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសាកល រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។ ឯកឧត្ដមក៏បានសង្កត់ធ្ងន់ផងដែរឱ្យបន្តកិច្ចចរចាលើក្រមប្រតិបត្តិ (COC) តាមរយៈប្រព័ន្ធវីដេអូ ដើម្បីបញ្ចប់ COC ឱ្យបានឆាប់ ដែលមានប្រសិទ្ធិភាព ប្រកបដោយខ្លឹមសារ និងស្របតាមច្បាប់អន្តរជាតិ» ។
លោកបន្តថា ចំពោះបញ្ហារដ្ឋរ៉ាខាញ កម្ពុជាមានសេចក្តីរីករាយចំពោះវឌ្ឍនភាពដែលសម្រេចបានកន្លងមក លើការអនុវត្តអនុសាសន៍ដែល ត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃតម្រូវការបឋម និងគាំទ្រដល់ក្រុមការងារលេខាធិការដ្ឋានអាស៊ានឱ្យបន្តចាត់វិធានការ និងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាមនុស្សធម៌ក្នុងតំបន់នេះ៕