ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្មជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលជូនកសិករខ្មែរ ហើយនាពេលកន្លងមក ទីផ្សារបន្លែក្នុងស្រុក មានតម្រូវការខ្ពស់។

ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នាស្តីពីការផ្គត់ផ្គង់ និងការបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម ជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់បងប្អូនកសិករផលិតរបស់យើង ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។

លោកបន្ដថា «កន្លងមកទីផ្សារបន្លែ ក្នុងស្រុកមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់ មានភាពជាក់លាក់ និងនៅមានកម្រិតទាំងបរិមាណ និងគុណភាព ដែលធ្វើឱ្យតម្លៃកសិផល ដែលកសិករផលិត បានមិនប្រាកដប្រជា។ ក្រសួងពាណិជ្ជកម្មដែលដឹកនាំ ប្រតិបត្តិគម្រោងជំរុញ ទីផ្សារ សម្រាប់កសិកម្មខ្នាតតូច បានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ការផលិត និងទីផ្សារ»។

ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ផ្សារកសិផលនិងចំណីអាហារ និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ិនដាសទ្រី ខូ អិល ធីឌី ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នៅលើទឹកដីសៀមរាបអង្គរ គឺជាសមិទ្ធផលមួយទៀត ដែលកើតចេញពី ការខិតខំប្រឹងប្រែងរបស់គម្រោង ជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច ក្នុងការតភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការ ដ៏មានអត្ថប្រយោជន៍ ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ ប្រជាជននៅមូលដ្ឋាន៕

To Top