ភ្នំពេញ៖ លោកនាយឧត្ដមនាវី ទៀ វិញ និងលោកស្រី កាន់ ចន្រ្ទា ទៀ វិញ បានធ្វើបុណ្យឧទ្ទិសកុសល ដល់យោធិនពលី និងទទួលមរណភាព ក្នុងបុព្វហេតុការពារជាតិ មាតុភូមិចំនួន ៩៦៦នាក់ នាពេលកន្លងមក ដែលប្រារព្ធធ្វើឡើង នៅបញ្ជាការដ្ឋាន កងទ័ពជើងទឹក ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។
ពិធីបុណ្យនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងលោកស្រី កាន់ ចន្រ្ទា ទៀ វិញ ព្រមទាំងមេបញ្ជាការរង កងទ័ពជើងទឹក អគ្គលេខាធិការរង សន្តិសុខលម្ហសមុទ្រ នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក ព្រមទាំងក្រុមគ្រួសារ កងទ័ពជើងទឹកជាង ៧០០នាក់ បានចូលរួម។
បន្ទាប់ពីធ្វើកិច្ចឧទ្ទិសកុសលតាម ទំនៀមទំលាប់ នៃព្រះពុទ្ធសាសនារួចមក លោកឧត្ដមនាវី ទៀ វិញ បានសំណេះសំណាល ជាមួយក្រុមគ្រួសារយោធិនពលី មរណៈ ដោយគិតចាប់ តាំងពីឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្ននេះ នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹក ៩៦៦នាក់ បានពលី មរណៈ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ។
ក្នុងឱកាសនោះ លោកក្នុងនាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក តំណាងឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការ បានពាំនាំនូវផ្ដាំផ្ញើរសាក សួរសុខទុក ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដល់នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹក និងក្រុមគ្រួសារ ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព បានធូរធា និងសមរម្យ ដឹងគុណជានិច្ច ចំពោះគំរូវីរភាព ស្មារតីស្នេហាជាតិខ្ពស់របស់ នាយនាវី នាយនាវីរង ពលនាវិក ដែលបានពលីជីវិត ចំពោះជាតិមាតុភូមិ ដែលគំរូវីរភាពទាំងនេះ ធ្វើអោយយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបានឡើយ។
ជាមួយគ្នានោះលោកឧត្ដមនាវី ទៀ វិញ ក៏បានថ្លែងអំណរអរគុណចំពោះ សម្ដេច តេជោ បានបញ្ចប់សង្រ្គាមផ្ទៃក្នុង ដែលកើតមានឡើង ជិត៣ទសវត្យ ក្រោមយោបាយ ឈ្នះ ឈ្នះ រួមគ្នាកសាងប្រទេសជាតិ ពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ មានភាពល្បីល្បាញ ក្នុងតំបន់ ក៏ដូចជាពិភពលោក និងបាននាំយកអំណោយ របស់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ចែកជូនដល់ គ្រួសារកងទ័ពចំនួន ១១៣នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ប៊ីចេង១គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា ចំនួន១០ម៉ឺនរៀលផងដែរ៕