ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបន្ដស្នើអាជ្ញាធរ ជួយទប់ស្កាត់ ការនាំចូលត្រី ពីប្រទេសជិតខាង និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ ឬបរិភោគផលិតផល ក្នុងស្រុកវិញ។
ក្នុងឱកាសចុះពិនិត្យ កសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង នៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោក វេង សាខុន បានកោតសរសើរ និងវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែង របស់វារីវប្បករ ដែលបានអត់ធ្មត់ ស៊ូទ្រាំ និងឆ្លងកាត់បញ្ហាយ៉ាងលំបាក នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យម្ហូប អាហារដែលប្រើប្រាស់ ផលពីវារីវប្បកម្មក្នុងស្រុក ជាហេតុធ្វើឲ្យបរិមាណ ផ្គត់ផ្គង់លើសពីតម្រូវការ នាំឲ្យតម្លៃត្រីធ្លាក់ចុះ ដោយស្វ័យប្រវត្តិ។
លោកបន្ដថា ហេតុផលដ៏ចំបងនេះ ក្រសួងបានសម្រេចផ្អាក ការនាំចូលផលត្រី ដើម្បីពង្រីកផលិតកម្មក្នុងស្រុក និងទ្រទ្រង់តម្លៃត្រីឡើងវិញ ហើយចំណាត់ការនេះ ទទួលការគាំទ្រ សាទរ និងអរគុណ ពីវារីវប្បករ នៅទូទាំងប្រទេស។
លោកបញ្ជាក់ថា «ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ជួយទប់ស្កាត់ការនាំចូលត្រី ពីប្រទេសជិតខាង ហើយបានអំពាវនាវ អ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផល ក្នុងស្រុកវិញដើម្បីជួយជំរុញ កំណើនផលិតកម្មវារីវប្បកម្ម ឲ្យកាន់តែកើនឡើង ទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស សុំឲ្យអ្នកវិនិយោគ ក្នុងស្រុកងាកមកចាប់អារម្មណ៍ លើវិស័យនេះ ដើម្បីចូលរួមបង្កើន ផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ តាមតម្រូវការក្នុងស្រុក ក្នុងបរិបទនៃការរីករាលដាល ជាសកលនៃជំងឺឆ្លងកូវិដ-១៩»។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ដ្រីកសិកម្ម បានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយធ្វើទីផ្សារ ដើម្បីរក្សានិរន្តរភាព ផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំ ផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ ដើម្បីផ្តល់ឱកាស ឲ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញ បានជួបពិភាក្សាគ្នា លើចំណុចវិជ្ជមាន និងអវិជ្ជមាន។ បន្តបញ្ចូលបច្ចេកទេសថ្មីៗ បន្ថែមទៀត ទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញ ឲ្យខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែម សំដៅដល់ការកែច្នៃ ឆ្លើយតបតាមស្តង់ដានាំចេញ៕