ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ចំណាប់អារម្មណ៍ ៥ចំនុច សម្រាប់សិក្ខាកាម អង្គរក្សពិសេស

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន​ ជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់) នាខេត្តកំពង់ស្ពឺ, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នូវចំណាប់អារម្មណ៍ ចំនួន ៥ចំណុច។

១ សូមនាំមកនូវការផ្តាំផ្ញើ​ សាកសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស និងសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅទីនេះ ក្នុងមនោសញ្ចេតនា គោរព​ស្រឡាញ់យ៉ាងជ្រាលជ្រៅ​ ជាទីបំផុត និងសូមធ្វើការកោតសរសើរ ឯកឧត្តម នាយឧត្តមសេនីយ៍កិតិព្រឹទ្ធបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំប្រឹងប្រែង ដោះស្រាយច្នៃប្រឌិត ជម្នះការលំបាក ក្នុងការកសាង និងអភិវឌ្ឍ ប្រែមុខមាត់មជ្ឈមណ្ឌល បញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) ពីទីតាំងមួយដែលសំបូរ ទៅដោយកាកសំណល់ជាតិផ្ទុះ បន្សល់ទុកដោយសារសង្គ្រាម ឱ្យក្លាយទៅជាមូលដ្ឋាន ហ្វឹកហ្វឺនមួយដ៏សំខាន់ ដោយមានសំណង់ហេដ្ឋារ ចនាសម្ព័ន្ធចាំបាច់នានា ជាច្រើនដូចសព្វថ្ងៃនេះ សម្រាប់បំរើឱ្យការ កសាងធនធានមនុស្ស ក្នុងកិច្ចការពារជាតិ។ ហើយសូមចូលរួម អបអរសាទរចំពោះសមិទ្ធផល អគារគិលានដ្ឋាន ត្រូវសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ ដែលសមិទ្ធផលនេះ បានឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់ គិតគូររបស់ថ្នាក់ដឹកនាំ បញ្ជាការដ្ឋានអង្គរក្ស ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យោធិន, គ្រួសារយោធិន និងសិក្ខាកាម ដែលរស់នៅបំពេញការងារ និងហ្វឹកហ្វឺនរៀនសូត្រនៅក្នុង មជ្ឈមណ្ឌលហ្វឹកហ្វឺននេះ ជាការបង្ករលក្ខណៈងាយស្រួល ដល់ការបំពេញភារកិច្ច និងការហ្វឹកហ្វឺន របស់យោធិនយើង ក្នុងគ្រប់កាលៈទេសៈ។

២. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានអង្គរក្ស, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ អនុវត្តការងារហ្វឹកហ្វឺន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេចបាន លទ្ធផលការងារ តាមផែនការកំណត់។ ទាំងអស់នេះ គឺពិតជាកើតមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់អង្គភាព ក្នុងបុព្វហេតុ កសាងបណ្តុះបណ្តាល ធនធានមនុស្ស ឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិ។ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ ចាំបាច់ ដើម្បីឆ្លើយតប ទៅនឹងការបន្តអនុវត្ត ផែនការកែទម្រង់របស់ខ្លួន ហើយក្នុងន័យនេះ ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការ ដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែក អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ ការពារជាតិ របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ។ ក្នុងនោះកម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាន នូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ឱ្យបានជាប់ជាប្រចាំ ហើយចាំបាច់ទាមទារ ឱ្យការហ្វឹកហ្វឺនទាំងអស់ ត្រូវផ្តោតលើគុណភាព នៃបរិមាណ និងការផ្ទេរបទពិសោធន៍។ ជាក់ស្តែងវគ្គហ្វឹកហ្វឺនទាំងនេះ បានឆ្លើយតបចំពោះ សេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាព ជំនាញរបស់យោធិន ដើម្បីធានាបាន នូវនិរន្តរភាព នៃសមត្ថភាព ក្នុងការបំពេញភារកិច្ច ក្នុងពេលចំពោះមុខ និងរយៈពេលវែង របស់កងយោធពលខេមរភូមិន្ទ គឺការការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងជាពិសេសការបំពេញ ភារកិច្ចស្នូលរបស់អង្គភាព ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។

៣. សូមអបអរសាទរ និងកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលជោគជ័យនេះ គឺកើតចេញពីការហាត់ ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ ក្នុងការពុះពារជម្នះ នូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង និងជាមោទនភាព សម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើទទួលបាន ពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅអនុវត្ត បំពេញរាល់ភារកិច្ច នៅតាមបណ្តាកងឯកភាព ឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង ក៏ដូចជាសម្រាប់ការកសាង និងអភិវឌ្ឍខ្លួនឯង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រង រាល់ភារកិច្ចរបស់កងយោធពល ខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត។

៤.សូមសម្តែងនូវការអរគុណ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ប្រទេសភាគីមិត្ត និងសប្បុរសជនទាំងអស់ ដែលកន្លងមក តែងបានជួយជ្រោមជ្រែង និងសហការគាំទ្រ ក្នុងកិច្ចការកសាង សមត្ថភាពរបស់កងយោធពល ខេមរភូមិន្ទ លើគ្រប់ផ្នែក រាប់ទាំងការផ្តល់ទីតាំង, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការផ្តល់ជំនួយ លើផ្នែកបច្ចេកទេស និងសម្ភារ ព្រមទាំងការធានាផ្សេងៗ និយាយជារួម និងនិយាយដោយឡែក សូមអរគុណ ចំពោះការចូលរួមចំណែក ជួយឧបត្ថម្ភជ្រោមជ្រែង ដល់បញ្ជាការដ្ឋានអង្គរក្ស គាំទ្រដល់បុព្វហេតុ និងភារកិច្ចការពារជាតិ, ការពារថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងសកម្មភាព ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយជាច្រើន ដែលបញ្ជាការដ្ឋានអង្គរក្ស បានខិតខំសម្រេចបាន ក្នុងពេលកន្លងមក និងតទៅអនាគត។ ទាំងអស់នេះពិតជា បានស្តែងឱ្យឃើញ នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាន នៃកិច្ចការពារជាតិ ដើម្បីធានាបាន នូវសន្តិភាពស្ថិតស្ថេរ យូរអង្វែង និងការកសាងឱកាស សម្រាប់ការអភិវឌ្ឍជាតិ។

៥. សូមបន្តពង្រឹងភារកិច្ចស្នូល ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា និងបន្តកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងភាពសុខសាន្ត របស់ប្រជាជន ក៏ដូចជាការគាំទ្រ យ៉ាងពេញទំហឹង ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំអប់រំ ហ្វឹកហ្វឺនរៀនសូត្រ ប្រកបដោយការតស៊ូ អត់ធ្មត់ព្យាយាម រហូតក្លាយជាកងទ័ព ដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដ របស់ប្រជាជន និងហ៊ានពលីជីវិត ដើម្បីជាតិមាតុភូមិ។ និងសូមបន្តប្រុងប្រយ័ត្នខ្ពស់ ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការ ការឆ្លងនៅក្នុងសហគមន៍ គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈ ចូលរួមឆ្លើយតប តាមផែនការទិសដៅ ការងាររបស់គណៈកម្មាធិការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ ព្រោះថាក្នុងពិភពលោក បច្ចុប្បន្ន ស្ថានភាពទូទៅ នៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួន កំពុងបន្តរងគ្រោះ ដោយសាររលកទី២ និងទី៣ ដូច្នេះ យើងមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ៕

To Top