ភ្នំពេញ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តស្នើសុំដល់មន្ទីកសិកម្មខេត្ត បន្តជួយរៀបចំបច្ចេកទេស ឬបើកវគ្គសិក្សាជូន ដល់បងប្អូនសហគមន៍ ក៏ដូចជា ជួយផ្តល់ព័ត៌មានទីផ្សារ ទៅកាន់បងប្អូនអោយបានជាអតិបរមា។
លោក កៅ ថាច បានឡើងក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងលើកទឹកចិត្តប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ សុវត្ថិភាព ក្នុងដំណាក់កាលកូវិដ ១៩ សរុបជិត២០០នាក់ ក្រោមកិច្ចសហការជាមួយធនាគារអេអឌីប៊ី និងក្រុមហ៊ុនផ្សារបន្លែសុវត្ថភាពខ្មែរ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ។
តាមរយៈបទអន្តរាគមន៍របស់ លោកស្រី សាន សុភ័គ តំណាងក្រុមហ៊ុនផ្សារបន្លែខ្មែរ ឱ្យដឹងថា គោលបំណងនៃការរៀបចំកម្មវិធី នៅព្រឹកនេះ គឺដើម្បីផ្សព្វផ្សាយអំពីព៍ត៌មាន ទីផ្សារបន្លែសុវត្ថភាព និងតម្រូវការប្រើប្រាស់ បន្លែសុវត្ថភាពលើទីផ្សារ។
លោកស្រីថា ដោយបច្ចុប្បន្នបញ្ហាតម្រូវការបន្លែសុវត្ថភាពលើទីផ្សារមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់ មិនអាចឆ្លើយតប បានទាន់ពេលវេលាឡើយ។ អាស្រ័យហេតុនេះ តាមរយៈវេទិការនេះយើងមានគោលដៅ លើកទឹកចិត្តដល់កសិករ ដាំដុះបន្លែសូម ធ្វើការពង្រឹង ការដាំដុះប្រកប ដោយគុណភាព និងស្នើសុំកិច្ចសហការជាមួយក្រុមហ៊ុនបន្លែសុវត្ថភាពខ្មែរ ដោយមានកិច្ចសន្យាកសិកម្មច្បាស់លាស់ ដើម្បីទទួលទិញបន្លែ តាមតំលៃទីផ្សារពីបងប្អូនកសិករ។
ជាមួយគ្នានេះ លោក កាន់ សាឡន អនុប្រធានមន្ទីកសិកម្ម ខេត្តកំពង់ធំ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អេអឌីប៊ី ដើម្បីលើកស្ទួយវិស័យកសិកម្ម និងបានថ្លៃងអំណរគុណចំពោះធនាគារ អេអឌីប៊ី និងក្រុមហ៊ុនបន្លែសុវត្ថភាពខ្មែរ ដែលបានសហការរៀបចំកម្មវិធីផ្សព្វផ្សាយអំពីព៍ត៌មានទីផ្សារបន្លែ និងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដោយអត្រាការប្រាក់ទាបជូនដល់បងប្អូនប្រជាកសិករដាំដុះបន្លែ ប្រចាំខេត្តកំពង់ធំ ដើម្បីបានជ្រាបជាព័ត៌មាន និងទទួលបានចំណេះដឹងថ្មីៗបន្ថែម។
លោក បានបន្តទៀតថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនបន្លែសុវត្ថភាពខ្មែរ និងធនាគារអេអឌីប៊ី បញ្ហាទីផ្សារបន្លែរបស់បងប្អូនប្រជាកសិករក្នុងខេត្តកំពង់ធំ ពិតជាអាចដោះស្រាយបានមួយកម្រិតទៀត។
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានធ្វើការកត់សម្គាល់មួយចំនួន ជូនដល់បងប្អូនប្រជាកសិករថា កម្មវិធីនៅថ្ងៃនេះ មានគោលបំណង ដើម្បីធ្វើការណែនាំ ក្រុមហ៊ុនទទួល ទិញបន្លែសុវត្ថិភាព មួយដែលពិតប្រាកដ ដែលកើតចេញពី កិច្ចសហការរវាងធនាគារអេឌីប៊ី ដែលជាធនាគាររបស់រដ្ឋ និងតំណាងខាងឯកជន ដើម្បីធ្វើជាភ្នាក់ងារមួយទទួល ទិញបន្លែសុវត្ថិភាព ពីបងប្អូនក្នុងតំលៃទីផ្សារមួយពិតប្រាកដ និងតាមតំលៃដែលបានព្រមព្រាងគ្នាក្នុងកិច្ចសន្យា។
លោកបន្តថា បញ្ហាធ្លាក់ថ្លៃកសិផល ដោយសារឈ្មួញកណ្តាល , ការនាំចូលបន្លែដែលគ្មានប្រភពច្បាស់លាស់ និងមានសាធាតុគីមី បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការផលិត ការដាំដុះបន្លែរបស់បងប្អូនក្នុងស្រុក ដូចនេះដើម្បីរកដំណោះស្រាយកុំអោយបញ្ហានេះកើតឡើងដដែលៗ។
ក្នុងឱកាសនោះ លោក កៅ ថាច បានស្នើឱ្យបងប្អូនកសិករ សូមគិតគូររៀបចំអោយមាន ÷ ផែនការដាំដុះ (គិតគូរដល់តំលៃដើមដើម្បីផលិត មាន ជី ថ្នាំ ថ្លៃភ្ជូរ ពូជ …) ,ផែនការផលិត និងតម្រូវការលើទីផ្សារ ,និងផែនការលក់ ដែលមានលទ្ធភាពចំណេញបានខ្ពស់ និងផ្គត់ផ្គង់មានស្ថេរភាព ដោយជៀសវាង ការផលិត ការដាំដុះដែលជុញ (លើសតម្រូវការ) លើទីផ្សារដែលធ្វើឱ្យការលក់ធ្លាក់ថ្លៃ និងការបង្អាប់តំលៃជាដើម។
- បន្ត លើកទឹកចិត្តអោយបងប្អូនដាំដុះបន្លែប្រកដោយគុណភាព និងគ្មានសាធារធាតុគីមី ដើម្បីចូលរួមលើកកំពស់សុខមាលភាពអ្នកប្រើប្រាស់ ។
- ដើម្បីចូលរួមកាត់បន្ថយការនាំចូលបន្លែពីបរទេស និងគ្មានប្រភព ឯកឧត្តម បន្តស្នើសុំដ៏ទទូច ដល់បងប្អូនកសិករ សូមរៀបចំផែនការដាំដុះ ឱ្យបានច្បាស់លាស់ ត្រឹមត្រូវដើម្បីផ្គត់ផ្គង់ប្រកបដោយស្ថេរភាព ចូលទីផ្សារ។ ក្នុងករណីបងប្អូនអាចធ្វើបាន បន្លែរបស់បងប្អូន នឹងមានតំលៃ ។
- ស្នើសុំចងក្រងគ្នាជាសហគមន៍កសិកម្ម ឬ ជាបណ្តុំផលិតតាមតំបន់ ដោយដាក់ផែនការដាំដុះបន្លែតាមប្រភេទខុសៗគ្នា ពីតំបន់១ទៅតំបន់១ ( គួរធ្វើការបែងចែកទៅតាមប្រភេទបន្លែ ) ដោយជៀសវាងកុំឱ្យមាមការដាំដុះជាន់គ្នា ដែលជាដើមចម ធ្វើឱ្យធ្លាក់ថ្លៃនៅពេលប្រមូលផល ។
ទន្ទឹមនេះ ដើម្បីជំរុញកំណើនការដាំដុះបន្លែសុវត្ថិភាពនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាជួយដោះស្រាយបញ្ហាតម្រូវការទុនដើម្បីផលិត លោក កៅ ថាច បានធ្វើការផ្សព្វផ្សាយ អំពីព័ត៌មាន ឥណទានរបស់ អេអឌីប៊ី ក្រោមគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដោយអត្រាការប្រាក់ទាប ជូនដល់បងប្អូនកសិករ និងលើកទឹកចិត្តឱ្យបងប្អូនធ្វើការទាក់ទងទៅ អេអឌីប៊ី ឬភ្នាក់ងាររបស់អេអឌីប៊ីប្រចាំខេត្តកំពង់ធំ ដើម្បីធ្វើការស្នើសុំឥណទានយកមកពង្រីកការដាំដុះបន្លែបាន។ លោកបានបន្ថែមទៀតថា ធនាគារអេអឌីប៊ី ពេញចិត្ត និងរីករាយ សហការជាមួយបងប្អូន ដើម្បីលើកកំពស់ជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕