ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ១០ ប្រវែង ១៩៧,៣៦៣ គីឡូម៉ែត្រ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង សាងសង់សម្រេចបាន ៤៣,៧៥ % គិតត្រឹមខែធ្នូ ឆ្នាំ២០២០។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់ ក្រសួងសាធារណការ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យ ផ្លូវជាតិលេខ១០ ដោយមានការសហការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។
ប្រភពដដែល រៀបរាប់ថា «ការចុះពិនិត្យផ្លូវជាតិលេខ១០ ដែលមានប្រវែង ១៩៧,៣៦៣ គីឡូម៉ែត្រ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង គឺក្នុងគោលបំណង តាមដានវឌ្ឍនភាពសាងសង់ ជាលទ្ធផលអនុវត្តបាន ៤៣,៧៥ % ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២០ និងដើម្បីធានាបានគុណភាពក្នុងការអនុវត្ត ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រសិទ្ធភាពកិច្ចការងារ ត្រូវតាមផែនការ ដោយត្រូវធ្វើបែបណា ក្លាយជាផ្លូវដែលផ្តល់អត្ថប្រយោជន៍ ក្នុងការដឹកជញ្ជូនឆ្លងកាត់ និងរក្សាអេកូទេសចរណ៍ធម្មជាតិតំបន់ ជាកត្តាអាចទាក់ទាញភ្ញៀវអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិ នៅតំបន់ទាំងនោះ បានផងដែរ»។
នាឱកាសនោះដែរ លោករដ្ឋលេខាធិការ ក៏បានក្រេីនរំឭកដល់ ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដា បច្ចេកទេសត្រឹមត្រូវ ៕