ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង អញ្ជើញសម្ភោធ សាលាបឋមសិក្សា ១ខ្នង ៥បន្ទប់ នៅស្រុកបុទុមសាគរ

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញ ចូលរួមក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង មាន ៥បន្ទប់ ដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ក្នុងវិស័យអប់រំ ផ្តល់ជូនមូលដ្ឋានតំបន់ដាច់ស្រយាល ដែលត្រូវបានសាងសង់ឡើង ក្នុងបរិវេណសាលាបឋមសិក្សាតាមាឃ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមជំនួយឧបត្ថម្ភពីអង្គការដៃគូអភិវឌ្ឍន៍ ។

លោកស្រី មិថុនាភូថង អភិបាលខេត្ត បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ឱកាសនៃការអភិវឌ្ឍក៏ បានចាប់ផ្តើមឡើង តាមរយៈការដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណជាដំណាក់ៗ របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលបានកំណត់យកអាទិភាពធំៗ ៤ គឺ “មនុស្ស ផ្លូវ ភ្លើង ទឹក”។ ជាបន្តបន្ទាប់ វិស័យអប់រំត្រូវបានពង្រីកវិសាលភាព របស់ខ្លួនពីទីប្រជុំជនទៅកាន់តំបន់ជនបទ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរគ្រប់ៗ រូបទទួលបានការអប់រំ ពីព្រោះការអប់រំសម្រាប់ទាំងអស់គ្នា ដោយធ្វើឱ្យមានការអប់រំមូលដ្ឋានយ៉ាងតិច ៩ឆ្នាំដោយឥតបង់ថ្លៃ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។

លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា នៅឆ្នាំសិក្សាថ្មីនេះ យើងក៏នៅតែផ្តោតលើការស្វែងរក និងប្រមូលកុមារឱ្យបានចូលរៀនគ្រប់ៗគ្នា ទោះបីពួកគេស្ថិតនៅទីណា ក្នុងស្ថានភាពបែបណាក៏ដោយ។ ពោលគឺត្រូវទៅឱ្យដល់ កន្លែងណាដែលយើងទៅមិនទាន់ដល់ ស្របពេលជាមួយគ្នានឹងការពង្រឹងគុណភាព និងចីរភាព ដើម្បីធានាបាននូវការផ្តល់សេវាអប់រំឱ្យបានគ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ទាំងតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល។

ជាមួយគ្នានេះ យើងក៏កំពុងយកចិត្តទុកដាក់ អនុវត្តសិទ្ធិកុមារនៅគ្រប់គ្រឹះស្ថានសិក្សា ដោយទាក់ទាញឱ្យមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មាតាបិតា អ្នកអាណា ព្យាបាលសិស្ស ក្នុងការបង្កើនបរិស្ថានរៀនសូត្រឱ្យ ដល់សិស្សានុសិស្សឱ្យ ប្រកបដោយផាសុកភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពោលគឺត្រូវចៀសវាងពល់អំពើ ហិង្សានានាចំពោះកុមារនោះ។ នេះជាកាតព្វកិច្ចធំធេងណាស់ សម្រាប់លោកគ្រូ អ្នកគ្រូ ទាំងអស់របស់យើង ដែលត្រូវយកចិត្ត ទុកដាក់នៅគ្រប់ទីកន្លែង ទោះជាតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ជាដើម។ ក្នុងលោកស្រីសូមផ្តាំផ្ញើរដល់ក្មួយៗទាំងអស់ ត្រូវជៀសឲ្យពីគ្រឿងញៀនត្រូវយក ការសិក្សាជាចម្បងដើម្បីអនាគត់ខ្លួន និងគ្រួសារនិងប្រទេសជាតិពីព្រោះប្អូនៗក្មួយៗ គឺជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ។

លោកស្រីបញ្ជាក់ថា រដ្ឋបាលខេត្ត ក៏ដូចជាសំណូមពររបស់លោកស្រី គឺសូមស្នើឲ្យ ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ព្រមទាំងគោលការណ៍ណែនាំនានា របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះឲ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត ៕

To Top