ព័ត៌មានជាតិ

ជំរឿនឆ្នាំ២០១៩៖ កម្ពុជា មានប្រជាជនសរុបជាង ១៥លាននាក់ ក្នុងនោះស្រីច្រើនជាងបុរស

ភ្នំពេញ៖ យោងតាមលទ្ធផលជំរឿន ទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន ១៥.៥៥២.២២១ នាក់ ក្នុងនោះប្រុសចំនួន ៧.៥៧១.៨៣៧នាក់ ស្មើនឹង ៤៨.៧% ដោយឡែកស្រីចំនួន ៧.៩៨០.៣៧៤នាក់ ស្មើនឹង៥១ .៣%។

ជាងនេះទៅទៀត អត្រាកំណើនប្រជាជនមធ្យមប្រឆ្នាំគឺ ១.៤% ។ ដូចគ្នានេះដែរ លទ្ធផលជំរឿនលើកមុន ឆ្នាំ២០០៨ ចំនួនប្រជាជនសរុបមានចំនួន ១៣.៤លាននាក់ ពោលគឺចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ចំនួនប្រជាជនបានកើនឡើងចំនួន ២,២លាននាក់។

ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជា បានឲ្យដឹងថា ជំរឿនជាផ្នែកប្រជាសាស្ត្រ និងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ជាពិសេស គឺផ្នែកកំណើនប្រជាជន ដែលទាមទារយកចិត្តទុកដាក់ សម្រាប់សកម្មភាពចាំបាច់ទាំងឡាយ។

សម្ដចក្រឡាហោម មានប្រសាសន៍ថា «ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ ដ៏សំខាន់មួយក្នុងឆ្នាំកន្លងមកនេះ។ លទ្ធផលចុងក្រោយ ជាលទ្ធផលនៃការខិតខំរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចំនួនប្រមាណ ជាង៥ម៉ឺននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥ លានគ្រួសារក្នុងទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន ហើយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រីបច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ បានបញ្ចប់ទាន់ពេលវេលា ទោះជាយើងស្ថិតក្នុងបរិការនៃជំងឺកូវីដ-១៩ ជាសកលក៏ដោយ»។

សម្ដេចក្រឡាហោម បន្ដថា «យើងទាំងអស់គ្នាបានដឹងហើយថា ជំរឿនប្រជាជន និងលំនៅដ្ឋាន ជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កំរិតភូមិ។ របាយការណ៍ជំរឿនផ្តល់ លទ្ធផលចុងក្រោយកំរិតជាតិ ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះ មានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាល ស្របទៅតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ។ អ្វីដែលមាននៅពេលនេះ គឺជាជំហានមួយនៃការវិភាគ ទិន្នន័យជំរឿន»។

សម្ដេចក្រឡាហោម បញ្ជាក់ថា ដង់ស៊ីតេប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡា បានកើនឡើងពី ៧៥នាក់ នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅឆ្នាំ២០១៩។ ដង់ស៊ីតេនេះប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តា ប្រទេសនៅអាស៊ីអាគ្នេយ៍ ៕

To Top