ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្មស្នើមន្ត្រី មន្ទីរពាណិជ្ជកម្ម និងមន្ដ្រី ក.ប.ប ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅ ផ្លូវការពីអាជីករ ពាណិជ្ជករ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នក ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ។ នេះបើយោងតាមគេហទំព័ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។

ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់អនុសាសន៍គន្លឹះ និងបានចង្អុលបង្ហាញការងារ សំខាន់ៗ និងជាការងារអាទិភាព ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុកដាក់ និងខិតខំបដិបត្តិឲ្យបានខ្ជាប់ខ្ជួន ដូចជា ៖

ទី១-ស្នើមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប បន្តខិតខំយកចិត្តទុកដាក់ ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែម ទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពី មន្រ្តីដែលមានសមត្ថភាព និងជាពិសេស រួមសហការគ្នាចុះផ្សារត្រួតពិនិត្យ សុវត្តិភាព ផលិតផល ទំនិញ គ្រឿងឧបភោគ បរិភោគ ឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។

ទី២- ស្នើឲ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយ អាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវរាល់គោលការណ៍ លិខិតបទដ្ឋានច្បាប់ និងកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់ក្រសួងពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែល្អ។

ទី៣- បញ្ចៀសដាច់ខាតការទាមទារកម្រៃ សេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៤- ស្នើបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន។

និងទី៥- ថ្មីក្រសួងនេះ ក្រសួងបានបង្កើតក្រុមប្រឹក្សាពិន័យ សំដៅទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បង្កានូវបាតុភាពអសកម្ម មិនគោរពវិន័យ ពុករលួយ រំលោភច្បាប់ និងបទបញ្ជាផ្ទៃក្នុង៕

To Top