ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការធ្វើកំណែទម្រង់ គ្រប់វិស័យ ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការធ្វើកំណែទម្រង់ គឺធ្វើឡើងសម្រាប់គ្រប់វិស័យ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេងមានប្រសាសន៍ថា «ចំពោះវិស័យនគរបាល ក៏មានការកែទម្រង់ដែរ ដោយរិះរកវិធីដោះស្រាយឲ្យមន្ត្រីដែលមិនចេះអក្សរ ឬខ្វះចំណេះដឹង អាចបាន រៀនសូត្របន្ថែម ឬបំពេញការងារអ្វីដែលពួកគាត់អាចធ្វើបាន តួយ៉ាងដូចជានគរបាលព្រំដែន ដែលមាន ភារកិច្ចធ្វើការនៅតាមព្រំដែន ត្រូវទទួលបានការ បណ្ដុះបណ្ដាលកម្រិតសមត្ថភាពឲ្យពេញលេញ ដើម្បីបំពេញការងារក្នុងការការពារបូរណភាពទឹកដីបានដោយការទទួលខុសត្រូវខ្ពស់»។

សម្ដេចក្រឡាហោម បន្ដថា «កំណែទម្រង់ គឺធ្វើឡើងសម្រាប់គ្រប់វិស័យ ដោយមិនមែនផ្ដោតតែលើវិស័យនគរបាលនោះទេ ហើយការធ្វើកំណែទម្រង់នេះទៀតសោត គឺមិនមានទីបញ្ចប់នោះទេ។ ការកែប្រែអ្វីដែលមិនមានល្អឲ្យទៅជាល្អ និងមានលក្ខណៈប្រសើរឡើង ទើបគេហៅថាកំណែទម្រង់ ជាពិសេសសម្រាប់ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ពោលគឺមិនសំដៅតែលើបុគ្គលណានោះឡើយ»។

ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់លើគ្រប់វិស័យនេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានក្ដីសង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងរួមគ្នាធ្វើកំណែទម្រង់នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

To Top