នយោបាយ

វិភាគ ៖ កោះតៃវ៉ាន់ ក្លាយជាស្នូលកណ្តាល នៃសង្គ្រាមដណ្តើម ឥទ្ធិពល រវាងចិន និងអាមេរិក

បច្ចុប្បន្នភាព

NBC News បានចុះផ្សាយថា កោះតៃវ៉ាន់ កំពុងក្លាយទៅជាស្នូលកណ្តាល ក្នុងសង្គ្រាមដណ្តើមឥទ្ធិពលសកល និងក្នុងតំបន់រវាងប្រទេស មហាអំណាចចិន និងសហរដ្ឋអាមេរិក ដោយកោះមួយនេះ បានទទួលរងសម្ពាធពីខាងចិនផង និងពីខាងអាមេរិកផង ទាំងទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងទាំងវិស័យយោធា ។

កោះតៃវ៉ាន់ជាស្នូលកណ្តាល នៃមហាអំណាចទាំង២ គឺដោយសារកោះនេះ ពឹងផ្អែកវិស័យសេដ្ឋកិច្ច លើប្រទេសចិន និង ពឹងផ្អែកវិស័យសន្តិសុខ រួមទាំងការគាំទ្រ នយោបាយអន្តរជាតិ លើសហរដ្ឋអាមេរិក ដែលតៃវ៉ាន់ មិនអាចកាត់ផ្តាច់មហាអំណាចទាំងពីរ នេះបានទេ ទោះបីជាស្ថិតក្នុងសម្ពាធដ៏ធ្ងន់ធ្ងរ នៅពេលបច្ចុប្បន្ននេះក៏ដោយ ។

លោក អេវ៉ាន សាវ (Evan Tsao) និស្សិតថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ Kaohsung នៅកោះតៃវ៉ាន់ បាននិយាយថា កោះតៃវ៉ាន់កំពុងរង សម្ពាធផ្នែកសេដ្ឋកិច្ចពីចិន និង រងសម្ពាធផ្នែកការគាំទ្រ នយោបាយអន្តរជាតិពីអាមេរិក ដោយមិនអាចងាកចេញពីប្រទេស មហាអំណាចទាំងពីរមួយណាបានទេ ។

មហាអំណាចចិន កំពុងដាក់សម្ពាធ លើកោះតៃវ៉ាន់ខាងយោធា និងសេដ្ឋកិច្ច ហើយមហាអំណាចអាមេរិក កំពុងដាក់សម្ពាធលើកោះនេះ ខាងសន្តិសុខ និងទំនាក់ទំនងអន្តរជាតិ ដោយមហាអំណាចទាំងពីរ បានផ្គើនគ្នាទៅវិញទៅមក តាមរយៈសង្គ្រាមពាក្យសម្តី និងសកម្មភាពនានាកាលពីពេលថ្មីៗនេះ ។

កាលពីថ្ងៃសៅរ៍ ទី២៣ ខែមករានេះ រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក អាន់តូនី ភ្លីងកិន (Antony Blinken) បាននិយាយថា អាមេរិកនៅតែបន្តគាំទ្រកោះតៃវ៉ាន់ ដោយពង្រឹងចំណងមិត្តភាព ភាគីទាំងពីរអោយកាន់តែរឹងមាំថែមទៀត នៅពេលខាងមុខ និងអំពាវនាវដល់ប្រទេសចិន អោយបញ្ឈប់ការគំរាមកំហែង លើប្រទេសដទៃ មានកោះតៃវ៉ាន់ជាដើម ។

សម្តីរដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិកនេះ សបញ្ជាក់អោយឃើញថា អាមេរិករបស់លោក ចូ បៃដិន បន្តដើរតាមនយោបាយ របស់លោក ដូណាល់ ត្រាំ ជាមួយនឹងកោះតៃវ៉ាន់ ដោយមិនញញើត និងមិនខ្លាចប្រទេសចិន អាក់អន់ចិត្តឡើយ ។

នៅថ្ងៃសៅរ៍ដដែលនោះ ជាការឆ្លើយតបអាមេរិកវិញ ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន១៣គ្រឿង អោយទៅហោះហើរ ក្នុងដែនអាកាសរបស់កោះតៃវ៉ាន់ ដែលក្នុងនោះ៨គ្រឿងជាយន្តហោះទម្លាក់គ្រាប់បែក និង៥គ្រឿងជាយន្តហោះប្រដេញ ដែលជាសកម្មភាពសំឡុតគំរាមកំហែងកោះតៃវ៉ាន់ ដោយផ្ទាល់ ។
ចិនមិនទាន់អស់ចិនទេ មួយថ្ងៃបន្ទាប់មកទៀត នៅថ្ងៃអាទិត្យ ខែឆ្នាំដដែល ប្រទសចិន បានបញ្ជូនយន្តហោះចម្បាំង ចំនួន១៥គ្រឿងទៀត អោយហោះហើរទៅកាន់ដែនអាកាស របស់កោះតៃវ៉ាន់ ដែលជាសារមួយប្រាប់ទៅកោះនេះថា ចិនមិនញញើតអាមេរិកទេ ហើយបើតៃវ៉ាន់ ហ៊ានសហការជាមួយអាមេរិក ដោយខុសទំនង ចិននឹងចាត់វិធានការភ្លាម ។

ក្នុងថ្ងៃអាទិត្យនោះដែរ ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញក្តីបារម្ភពីប្រទេសចិន ដែលបានព្យាយាម គំរាមកំហែងប្រទេសជិតខាង មានកោះតៃវ៉ាន់ជាដើម តាមរយៈការដាក់សម្ពាធ ផ្នែកនយោបាយ យោធា ការទូត និងដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ។

រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក នៅតែបន្តគាំទ្រកោះតៃវ៉ាន់ ប្រហាក់ប្រហែលគ្នា នឹងរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលក្នុងថ្ងៃស្បថចូលកាន់តំណែង របស់លោក ចូ បៃដិន អ្នកតំណាងរបស់កោះតៃវ៉ាន់ ត្រូវបានអញ្ជើញអោយទៅចូលរួមពិធីនេះ ជាការបញ្ជាក់ពីជំហរគាំទ្រ របស់លោក ចូ បៃដិន ចំពោះកោះតៃវ៉ាន់ ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃសៅរ៍ ទី២៣ ខែមករានេះដែរ សហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំង ទៅកាន់ដែនទឹករបស់កោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីយន្តហោះចម្បាំងរបស់ប្រទេសចិន បានហោះហើរចូលទៅក្នុងដែនអាកាស របស់កោះនេះ ដែលជាការគំរាម និងជាសម្ពាធផ្នែកយោធាលើកោះតៃវ៉ាន់ ។

នាវាដឹកយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក អមដោយនាវាចម្បាំងចំនួន៤គ្រឿង បានធ្វើដំណើរហួសទៅកាន់សមុទ្រចិនខាងត្បូង ក្នុងគោលបំណងធានាសុវត្ថិភាព នាវាចរណ៍លើដែនទឹកអន្តរជាតិ ប៉ុន្តែសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលការពារកោះតៃវ៉ាន់ និងបានបញ្ជូននាវាដឹកយន្តហោះចម្បាំង ទៅកាន់សមុទ្រចិនខាងត្បូង បានធ្វើអោយចិនក្តៅប្រហាយយ៉ាងខ្លាំង ដោយសារតែចិនបានចាត់ទុកកោះតៃវ៉ាន់ ជាដែនខេត្តរបស់ខ្លួន និងចាត់ទុកសមុទ្រចិនខាងត្បូងជាដែនទឹកផ្តាច់មុខរបស់ខ្លួន ។

ដើមចមនាំអោយកើតរឿង

លោក ចាង សៅវ៉ី (Chang Shao-wei) អ្នកជំនាញផ្នែកទំនាក់ទំនង អន្តរជាតិ កោះតៃវ៉ាន់ បាននិយាយថា ដើមចមដែលនាំអោយកោះនេះ ក្លាយជាស្នូលកណ្តាល នៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក គឺដោយសារមហាអំណាច ទាំងពីរមិនចង់ប៉ះទង្គិចគ្នាដោយផ្ទាល់ ខាងនយោបាយ យោធា និងសេដ្ឋកិច្ចជាដើម ។
មហាអំណាចចិន បានបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងតំបន់ និងនៅជុំវិញពិភពលោក ទាំងនយោបាយ យោធា និងសេដ្ឋកិច្ចជាដើម ចាប់តាំងពីប្រទេសនេះ បានក្លាយជាប្រទេស មហាអំណាច សេដ្ឋកិច្ចលំដាប់លេខ២ នៅលើពិភពលោកកាលពីឆ្នាំ២០១១កន្លងទៅ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយទាញទម្លាក់ប្រទេសជប៉ុន មកនៅលំដាប់លេខ៣ ។

កំណើនឥទ្ធិពលរបស់ប្រទេសចិន បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ឥទ្ធិពល របស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមូលហេតុនេះហើយ ទើបសហរដ្ឋអាមេរិក បានយកកោះតៃវ៉ាន់ ធ្វើជាឈ្នាន់សម្រាប់ជាន់ពន្លិចចិនផង និងធ្វើជាថ្នាំពុលសម្រាប់បំពុល បរិយាកាសនយោបាយរបស់ប្រទេសចិនផង ។
ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រជាន់ពន្លិច ឬយុទ្ធសាស្ត្របំពុល បរិយាកាស នយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈកោះតៃវ៉ាន់ ប្រទេសចិនក៏បានឆ្លើយតបវិញ អោយស្របទៅតាមសកម្មភាព របស់អាមេរិក និងកោះតៃវ៉ាន់ដែរ ។

សូមរំលឹកជូនថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានចោទប្រកាន់ថា យន្តហោះចម្បាំង របស់ប្រទេសចិន បានហោះហើរចូលក្នុងដែន អាកាសរបស់កោះនេះចំនួន៣៨០លើក កាលពីឆ្នាំ២០២០កន្លងទៅ ៕
ដោយ ៖ អ៊ី ជិន

To Top