ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់មន្ត្រីសហភាពសហព័ន្ធ និងសហជីពកម្មករ និយោជិត នៅសាលប្រជុំមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កន្លងមកបេឡាជាតិសន្តិសុខសង្គម សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកម្មវិធី អប់រំផ្សព្វផ្សាយ ដល់អ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិត អំពីច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងជំរុញឱ្យអ្នកបើកបរ រថយន្តដឹកកម្មករនិយោជិតទាំងអស់ ប្រើប្រាស់រថយន្ដ ដឹកអ្នកដំណើរ ដើម្បីដឹកជញ្ជូនកម្មករនិយោជិត ឱ្យស្របតាមស្តង់ដារ តាមការណែនាំ របស់រាជរដ្ឋាភិបាល ។
លោក ហេង សុផាន់ណារិទ្ធ បន្តថា បើទោះបីជាកន្លងមកករណី គ្រោះថ្នាក់ចរាចរណ៍ កើតលើបងប្អូនកម្មករ និយោជិតមានការថយចុះ និងស្ថានភាពកូវីដ១៩ នៅតែបន្តរីករាលដាល មិនទាន់ផុតរលត់ទៅវិញ យ៉ាងណាក៏ដោយ ក៏បេឡាជាតិសន្តិ សុខសង្គម (ប.ស.ស.) នៅតែបន្ត និងជំរុញការអប់រំ ផ្សព្វផ្សាយបន្ថែមទៀត អំពីច្បាប់ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាចូលរួមចំណែក ក្នុងការកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យមកនៅកម្រិតទាបបំផុត ឆ្លើយតបទៅនឹង អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ។
ថ្មីៗនេះលោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ នឹងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តដឹកកម្មករ ប្រហែលជាពាក់កណ្តាល ដែលបានផ្លាស់ប្តូរ រថយន្តដែលមានសុវត្ថិភាព។
លោកស្រី មឹន មាណវី ឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតទៅលើរថយន្ត ដឹកជញ្ជូនកម្មករមាន ចំនួន ១៥លើក ដែលបណ្តាលឲ្យ មានការស្លាប់កម្មករ និយោជិត ធ្វើដំណើរទៅធ្វើការងារចំនួន ៤នាក់ និងរងរបួស ធ្ងន់ស្រាលសរុប ៣៥៣នាក់។
ចំពោះ របាយការណ៍របស់ការិយាល័យ គោលនយោបាយ នៃក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម កាលពីឆ្នាំ២០១៩កន្លងមក បានឲ្យដឹងថា មានរថយន្តដឹកកម្មករ និយោជិតសរុបចំនួន ៤៥៣៧គ្រឿង បានចរាចរណ៍ដឹកកម្មករ និយោជិតនៅកម្ពុជា ក្នុងនោះរថយន្ត ប្រភេទទេសចរណ៍ មានចំនួន ១៧១០គ្រឿង ស្មើនឹង ៣៨% និងរថយន្តដឹកទំនិញ មានចំនួន ២៨២៧គ្រឿង ស្មើនឹង ៦២%៕