ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ ត្រូវបានរំដោះ និងសង្គ្រោះ តាមការចង្អុលបង្ហាញពីអភិបាលរាជធានី បន្ទាប់ពីម្តាយបង្កើតប្រើហិង្សា ឲ្យរបួសដេរជាច្រើនថ្នេរ

ភ្នំពេញ៖ ក្រោយពីមានការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអាជ្ញាធរមូលដ្ឋាន និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញបានចុះ ទៅជួយសង្រ្គោះក្មេងស្រីរងគ្រោះម្នាក់ ដែលត្រូវបានម្តាយបង្កើត អំពើហិង្សាជាញឹកញាប់ បណ្តាលឲ្យរងរបួសដេរ ជាច្រើនថ្នេរ។

បន្ទាប់ពីជួយសង្រ្គោះបានបញ្ជូនក្មេងស្រី មកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបានបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗ ពីអង្គការដៃគូ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងតាមបណ្តាញសង្គមថា ដោយអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរ មូលដ្ឋានមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានចុះទៅពិនិត្យ សង្គ្រោះ និងព្យាបាលបន្ទាន់ នូវករណីស្រ្តីរងគ្រោះវ័យក្មេង ឈ្មោះ ស ស ព អាយុ២៤ឆ្នាំ ដែលរងគ្រោះដោយអំពើហិង្សា ពីសំណាក់ម្តាយបង្កើតជាញឹកញាប់ តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រួចនាំទៅទីតាំងសុវត្ថិភាព ព្រមទាំងបានផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១លោកស្រីបាន ចុះដល់មូលដ្ឋាន ផ្លូវរ៉ារទេះភ្លើង ជាទីកន្លែងកើតហេតុ ក្រោយពីទទួលព័ត៌មានថា ស្ត្រីជាជនរងគ្រោះវ័យក្មេងពីអធិការនគរបាលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ។

លោកស្រីបញ្ជាក់ថា ស្ត្រីរងគ្រោះបានទទួលថវិកា ដ៏ថ្លៃថ្លាបំផុតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចំនួន ១ លានរៀល ព្រមទាំងចង្អុលបង្ហាញ ឲ្យមន្ទីរជំនាញយកចិត្តទុកដាក់ ធ្វើយ៉ាងណាផ្ដល់ការព្យាបាលសុខភាពផ្លូវកាយផ្លូវចិត្ត ឲ្យដល់ស្ត្រីរងគ្រោះ។ មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ បានពិគ្រោះយោបល់តាមនីតិវិធី និងបានបញ្ជូនទៅទីតាំងសុវត្ថភាព ផ្តល់សេវាផ្សេងៗ ពីអង្គការដៃគូរ។

លោកស្រីបន្តទៀតថា ក្មេងស្រីខាងលើ មានស្នាមរបួសចាស់ នៅលើក្បាលចំនួន៤កន្លែង និងរបួសថ្មីទើបដេររួច ១កន្លែង។ ឪពុកបង្កើតរបស់ស្ត្រីជន រងគ្រោះខាងលើ បានទទួលអនិច្ចកម្ម ២ឆ្នាំហើយ បានលែងលះគ្នាជាយូរមកហើយ ជាមួយម្ដាយស្ត្រីខាងលើ។ ស្ត្រីរងគ្រោះខាង កាលពីក្មេងបានរស់នៅ តែជាមួយជីដូននៅខេត្តកំពង់ស្ពឺ (ស្រុកកំណើតខាងឪពុកបង្កើត)។ ក្រោយជីដូនស្លាប់ គាត់នៅក្មេងពេក( មិនចាំអាយុ) បានមករស់នៅជាមួយម្តាយសព្វថ្ងៃនេះ និងឪពុកចុង (អាសយដ្ឋានកើតហេតុ) ។ ស្ត្រីវ័យក្មេង មិនដែលបានចូលរៀននោះទេ (មិនចេះអក្សរ) ។

គួរបញ្ជាក់ថា ម្ដាយមាន ស្រុកកំណើត នៅខេត្តស្វាយរៀង ស្ត្រីរងគ្រោះមានអាយុ ខុសពីអំពីស្ថានភាពខាងក្រៅ (ប្រហែល១៧ឆ្នាំ) មានសុខភាព ផ្លូវចិត្តមិនសូវល្អ និងរូបរាង្គកាយស្គមស្គាំង។ បច្ចុប្បន្ន ស្ត្រីជនរងគ្រោះខាងលើ ត្រូវបានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ បញ្ជូនទៅ ទីកន្លែងសុវត្ថិភាព តាមការស្ម័គ្រចិត្ត និងផ្តល់ថែទាំ បណ្តោះអាសន្ន ដើម្បីធ្វើការសិក្សាករណី ប៉ាន់ប្រមាណ និងបង្រួបបង្រួមពីគ្រួសារ៕

To Top