តុងទីន គឺជាការសន្សំប្រាក់មួយប្រភេទ ដោយចំណេញបានការប្រាក់គួសម្យ ឬជារបរមួយ ដែលប្រជាជនខ្មែរមួយចំនួនធំលេងជាក្រុម មិនថា អ្នកផ្សារ អ្នកធ្វើការ ឬមេផ្ទះ។ ការលេងតុងទីន គឺមិនត្រូវការទ្រព្យបញ្ចាំនោះទេ ផ្ទុយទៅវិញ គឺវាត្រូវការទំនុកចិត្ត ពីមេ និងសំណាក់កូនៗ ឬមានកិច្ចសន្យាជាក់លាក់ណាមួយ។
ហេតុអ្វីបានជាអ្នកផ្សារ និយមលេងតុងទីន?
ជាទូទៅការលេងតុងទីន គេតែងតែឃើញមានជាប្រចាំ នៅតាមបណ្តារផ្សារនានា ដោយមានមេ និងកូនៗ ភាគច្រើនជាអាជីវករ ព្រោះពួកគាត់ហ៊ានអោយការខ្ពស់ៗ (ខ្លះ 2/3 នៃតម្លៃក្បាល) ដើម្បីប្រមូលលុយ យកទៅប្រើប្រាស់ផ្សេងៗ។ ឧទាហរណ៍ បើលេងមួយក្បាល ១០០ដុល្លារ អ្នកខ្លះហ៊ានអោយការរហូតដល់ ៣០ដុល្លារ ទៅ ៤០ដុល្លារ ព្រោះដើម្បីអោយការខ្ពស់ជាងគេ ទើបមានសិទ្ធប្រមូលលុយ។ ថេរវេលានៃការដេញ គឺអាស្រ័យទៅតាមការសន្មត់គ្នាពីដំបូង ដោយខ្លះដេញរៀងរាល់ មួយខែម្តង ឬ មួយអាទិត្យម្តង ឬប្រចាំថ្ងៃ។
សំណួរសួរថា ពេលមានករណី មេ ឬកូនឈបោក តើពួកគេ អាចប្រឈមនឹងបទល្មើសអ្វីខ្លះ?
នេះបើយោងតាមការចេញផ្សារយរបស់ គេហទំព័រ Sabay
ច្បាប់ “លេង តុងទីន” មិនមានចែងនៅក្នុងច្បាប់ណាមួយ របស់ ព្រះរាជាណាចក្រ កម្ពុជា ទេ ប៉ុន្តែ លោក ហម ស៊ុនរិទ្ធ មេធាវីនៅ ក្រុមហ៊ុន KN Legal Consuting បានលើកឡើងដូចខាងក្រោម៖
• បើការលេងតុងទីន មានធ្វើជាឯកសារ ឬកិច្ចសន្យា និយាយពី កាតព្វកិច្ចរៀងៗខ្លួន ឧទាហរណ៍ មេ មានតួនាទីប្រមូលលុយ ពី កូនឱ្យគ្រប់ចំនួន រាល់ពេលចុងខែ បើកូនមិនបង់ មេ ជាអ្នកខុសត្រូវ ជាដើម។ បើសិនមេរត់គេចឬកូនមិនបំពេញ កាតព្វកិច្ចក្នុងករណីនេះ គឺជាការបំពានលើ កិច្ចសន្យា ដូច្នេះម្ចាស់បំណុលអាចប្ដឹង សុំឱ្យភាគីដែលមិន បានអនុវត្តកាតព្វកិច្ចឱ្យទៅអនុវត្ត កាតព្វកិច្ចនៅតុលាការបាន។
• មួយវិញទៀតបើ តុលាការ រកឃើញថា ភាគី (អ្នករត់គេច) មានចេតនា ទុច្ចរិត បោកសមាជិកមែន ភាគី នោះនឹងត្រូវផ្ដន្ទាទោស ផ្នែកព្រហ្មទណ្ឌ ផងនិងសំណងនៃការខូចខាតផង។
ជារួមបទល្មើស ២ ដែល អាចប្រឈមមាន “បទល្មើសទាក់ទង នឹងការឈរបោក” ដែលមានចែងក្នុងក្រម ព្រហ្មទណ្ឌមាត្រា ៣៧៧ និង មាត្រា ៣៧៨ និងបទល្មើសរំលោភលើសេចក្ដីទុកចិត្ត មាត្រា ៣៩១ និង មាត្រា ៣៩២ ដោយជនល្មើសនឹង ត្រូវជាប់ពន្ធនាគារ ពី ៦ ខែដល់ ៣ ឆ្នាំ និងអាចពិន័យជា ប្រាក់ពី ១ លានរៀល ទៅ ៦ លានរៀល។ នេះបើ តាមការបញ្ជាក់ពី លោកមេធាវី ហម ស៊ុនរិទ្ធ៕
ដោយ: Martin