ព័ត៌មានជាតិ

កម្ពុជា កំពុងពិភាក្សា សំណើ របស់វៀតណាម ក្នុងការផ្អាក នាំចូលត្រី៤ប្រភេទ

ភ្នំពេញ ៖ ក្រសួងពាក់ព័ន្ធរបស់កម្ពុជា កំពុងធ្វើការពិភាក្សាគ្នា ជុំវិញសំណើស្នើសុំ របស់ភាគីវៀតណាម ក្នុងករណីកម្ពុជា ផ្អាកការនាំចូល៤ ប្រភេទមកពីវៀតណាម។

ការបើកកិច្ចពិភាក្សានេះ ក្រោយលោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម បានស្នើមក លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរ ជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខ្មែរ អំពីបញ្ហានេះ។

ថ្មីៗនេះរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានចេញសេចក្តីប្រកាស ហាមឃាត់ការនាំចូលត្រីចំនួន៤ ប្រភេទ គឺត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោពីបរទេស (ក្នុងនោះមានវៀតណាម) ដើម្បីការពារទីផ្សារក្នុងស្រុក។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាក្យពាណិជ្ជកម្ម បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា ក្រសួងបានទទួលរួចហើយ នូវលិខិតពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម។

លោកថា “បន្ទាប់ពីទទួលបច្ចុប្បន្ននេះ មន្រ្តីបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការពិភាក្សា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យជាក់ស្តែង កិច្ចការបច្ចេកទេសមួយចំនួន ក្នុងការឆ្លើយតបវិញទៅភាគីវៀតណាម អំពីបញ្ហានេះ” ។

តាមរយៈលិខិត ចុះហត្ថលេខាដោយ លោកត្រាំងតុង អាង មាន៣ភាសា ដែលមានខ្មែរ អង់គ្លេស និងវៀតណាម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានពីមន្រ្តីទូតវៀតណាម ប្រចាំរាជធានីភ្នំពេញ នាពេលថ្មីៗនេះ បានឲ្យដឹងថា យោងតាមប្រការ xx នៃកិច្ចព្រមព្រៀងទូទៅ ស្តីពីពន្ធគយនិងពាណិជ្ជកម្ម វិធានការ ដើម្បីដាក់កម្រិតកំណត់ការនាំចេញនិង នាំចូលអាចអនុវត្ត បានតែក្នុងករណីពិសេសប៉ុណ្ណោះរួមទាំង ៖ ការការពារ សន្តិសុខជាតិ និងក្រមសីលធម៌សង្គម ។ ការពារសុខភាព មនុស្សសត្វនិងរុក្ខជាតិ ។ ការពារធនធាន ធម្មជាតិដ៏កម្រ ស្នាដៃជាប្រវត្តិសាស្រ្ត សិល្បៈ រតនវត្ថុរបស់ជាតិឬ ការពារបរិស្ថាន។

លិខិតរបស់វៀតណាម ឲ្យដឹងទៀតថា ភ្លាមៗនៃការផ្អាកនាំចេញត្រីពីវៀតណាម ចូលមកកម្ពុជាតាមរយៈច្រកទ្វាព្រំដែន ត្រូវរងផលប៉ះពាល់ មិននាំចេញនិងត្រូវបណ្ដេញ ត្រឡប់ទៅប្រទេសវៀតណាមវិញ ។

លិខិតបញ្ជាក់ថា “ដូច្នេះ ការហាម ឃាត់ការនាំចូលត្រី៤ប្រភេទខាងលើ របស់កម្ពុជា អាចប្រឆាំងនឹងស្មារតី សេរីភាវូបនីយកម្មពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលប្រទេសយើងទាំងពីរ ជាសមាជិក។ លើសពីនេះ ការហាមឃាត់ការនាំចូល ដែលបានរៀបរាប់ខាងលើ មិនត្រឹមតែបង្កការខូច ខាតដល់សហគ្រាសនាំចេញ និងនាំចូលជលផលនៃប្រទេសយើងទាំងពីរទេ តែថែមទាំងជះឥទ្ធិពល អវិជ្ជមានដល់ផលប្រយោជន៍អ្នកប្រើប្រាស់កម្ពុជាផងដែរ” ៕

To Top