ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែលម្អ លក្ខណៈសម្បត្តិ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន សម្រេចកែលម្អ លក្ខណសម្បត្តិគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឲ្យកាន់តែល្អថែមទៀត នូវចំនួន៧ចំណុច ។

ក្នុងលិខិតរបស់រាជរដ្ឋាភិបាល ថ្មីៗបានឲ្យដឹងថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះ ដែលផ្តល់ភាពអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និង វិស័យផ្សេងៗទៀត មានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាលកម្ពុជា ។

ទោះបីមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាព របស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

ដើម្បីឆ្លើយតបទៅ នឹងស្ថានភាពបច្ចុប្បន្ន និងកៀរគរឲ្យមានការចូលរួមគាំទ្រ កាន់តែច្រើនថែមទៀត រាជរដ្ឋាភិបាលសម្រេចកែលម្អលក្ខណៈសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ព្រមទាំងលើកកម្រិតគោលនយោបាយនេះ ជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង និងសំណូមពរ ដូចខាងក្រោម៖

ទី១-បន្តកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឲ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ ។

ទី២-កសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយបំផុសឲ្យមានកិច្ចសហការ ចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

សូមជម្រាបថា លក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានដូចជា ៖

ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

ទី៥-ដោះស្រាយវិធានការនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

និងទី៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

To Top