Covid-19

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ម្នាក់ទៀតជាករណីនាំចូល

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀត ដែលទើបធ្វើដំណើរមកពីប្រទេសហ្វីលីពីននិងមិនមានករណីអ្នកជំងឺកូវីដ១៩ ជាសះស្បើយនោះទេ។

អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជា អ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់ រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២០នាក់ ដែលនៅក្នុងចំនួននេះមាន បុរសខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១១៩នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានី ភ្នំពេញចំនួន ០១នាក់ នៅសណ្ឋាគារមួយទៀត ចំនួន០១នាក់ នៅសណ្ឋាគារមួយទៀតចំនួន ៦៨នាក់ និងនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន ៤៩នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៥នាក់ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៤៣នាក់និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕

To Top