នៅថ្ងៃទី ២៧ មករា ២០២១ កន្លងមកនេះ តុលាការកំពូលបានកាត់ក្តីអោយលោក គង់ សារុន ដែលមានវិវាទដីធ្លីទំហំ (១០មx២០ម) រាំរ៉ៃអស់រយៈពេល២៦ឆ្នាំកន្លងមកនេះឈ្នះក្តីជាស្ថាពរ។
កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ គង់ សារុន (ប្រុស) ជាអតីតកងទ័ពភូមិភាគ៤ បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសារមានភាគីម្ខាងទៀតឈ្មោះ (ស៊ិន យឿម) តំណាងដោយឈ្មោះ នង ចន្នី បានប្ដឹងទាមទារដីកម្មសិទ្ធិស្របច្បាប់របស់ គង់ សារុន ដែលគាត់មានប្លង់រឹងកាន់កាប់និងកំពុងរស់នៅមកទល់សព្វថ្ងៃ ទៅតុលាការគ្រាប់ជាន់ថ្នាក់ ធ្វើអោយគាត់ចាញ់ក្ដីទាំងអយុត្តិធម៌ ចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០២១ ។ ទោះបីមានការប្តឹងផ្តល់បែបនេះក៏ដោយក៏ លោក គង់ សារុន នៅតែបន្តរស់នៅកាន់កាប់លើដីនេះរហូតមកទល់សព្វថ្ងៃ ព្រោះគាត់អះអាងថាជាដីរបស់គាត់ពិតប្រាកដដែលមានកម្មសិទ្ធិប្លង់រឹងកាន់កាប់ទៀតផង។ ដោយមានការភ័យខ្លាចបើរឿងក្តីនេះបែរជាចាញ់ភាគីម្ខាងទៀតទាំងស្រុងមែននោះ គឺគាត់មិនដឹងជាត្រូវនាំប្រពន្ធនិងកូនទាំង៧ ទៅណាទីណាឡើយ។ នៅថ្ងៃទី ២៩ ធ្នូ ២០២០ លោក ដួង តារា ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការ បានអញ្ជើញគាត់មកសាកសួរប្រឹក្សាយោបល់នៅទីស្តីការគណៈរដ្ឋមន្រ្តី។
តាមការបំភ្លឺរបស់ លោក គង់ សារុន បញ្ជាក់ថា កាលពីឆ្នាំ១៩៩២ គាត់បានរស់នៅកាន់កាប់ អាស្រ័យផលលើទីតាំងដីកម្មសិទ្ធិទំហំ (១០ ម៉ែត្រ X ២០ ម៉ែត្រ) ដែលមានប្រពន្ធ និងកូន ៧នាក់កើតនៅលើទីតាំងដីដែលស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៤, មានបង្កាន់ដៃទទួលពាក្យលេខ ១០៤៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៤) ។
ក្រោយមកមន្ទីរសុរិយដីខេត្តសៀមរាប បានចុះធ្វើប័ណ្ណកម្មសិទ្ធិជាប្រព័ន្ធ និងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ (17100208-0479) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ផ្តល់ជូនលោក គង់ សារុន ត្រឹមត្រូវតាមច្បាប់។
កន្លងមក ឈ្មោះ គង់ សារុន បានចាញ់ក្តីនៅសាលាតំបូង និងសាលាឧទ្ធរណ៍ (១៦ មិនា ២០១៧) រួចហើ់យ។ ហើយនៅចុងក្រោយគឺតុលាការកំពូលត្រូវការភស្តុតាងបញ្ជាក់បន្ថែមពី លោក គង់ សារុន។
នៅថ្ងៃទី ១៤ កុម្ភះ ២០១៨ មន្ទីរសុរិយោដីខេត្តសៀមរាប បានចេញលិខិតលេខ (១៥៥ ដនសស.សរ) ដោយបញ្ជាក់ថា តាមផែនទីបង្ហាញទីតាំងដីស្នើសុំលេខ (AII 0066) មានទំហំ (២៦៥៥ ម៉ែត្រការ៉េ) របស់ នង ចន្នី និងទីតាំងនៃក្បាលដីលេខ (479) ទំហំ (២២៣ ម៉ែត្រការ៉េ) របស់ ឈ្មោះ គង់ សារុន ស្ថិតនៅទីតាំងផ្សេងគ្នា។
លោក គង់ សារុន បានយកលិខិតបញ្ជាក់ពីមន្ទីរដែនដី លេខ ១៥៥ ដនសសសរ ចុះថ្ងៃទី ១៤ កុម្ភះ ឆ្នាំ ២០១៨ ទៅបញ្ជាក់ជូនតុលាការកំពូល ហើយនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ កន្លងមកនេះ តុលាការកំពូលបានប្រកាសសាលដីការដោយសម្រេចអោយភាគី លោក គង់ សារុន ឈ្នះក្តីជាស្ថាពរ។
លោក គង់ សារុន និងភរិយា ព្រមទាំងកូនៗទាំង៧នាក់ បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី យ៉ាងជ្រាលជ្រៅបំផុតដែលបានជួយផ្តល់យុត្តិធម៍ដែលគាត់បានទន្ទឹងរង់ចាំអស់រយៈពេល២៦ឆ្នាំកន្លងមកនេះ។
លោក ដួង តារា ជំនួយការសម្តេចតេជោ ក៏បានគោរពថ្លែងអំណរគុណសម្តេចយ៉ាងជ្រាលជ្រៅដែលបានផ្តល់ឱកាសអោយលោកបានជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោរហូតទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះដែរ លោក ដួង តារា ក៏បានអរគុណចំពោះកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកដោះស្រាយបញ្ចប់វិវាទនេះជូនប្រជាពលរដ្ឋ៕
(ហ្វេសប៊ុកផេក Duong Dara)