កំពង់ចាម ៖ ក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិនខេត្តកំពង់ចាម នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ បានថ្លែងជំរុញឱ្យអាណាព្យាបាល នាំកូនចូលរៀនអោយបានគ្រប់គ្នា ដើម្បីឲ្យពួកគាត់ឆ្លងផុតពីភាពល្ងង់ខ្លៅ និងភាពក្រីក្រ ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ដោយសម័យបច្ចុប្បន្ន ពិភពលោកកំពុងតែមានការអភិវឌ្ឍ ប្រើប្រាស់បច្ចេកវិជ្ជាកាន់តែទំនើបដូច្នេះអាណាព្យាបាល ត្រូវនាំកូនឱ្យចូលរៀនបានគ្រប់ៗគ្នា ស្របពេលជាមួយនឹងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំសាងសង់សាលារៀន មានច្រើនកម្រិត នៅតាមមូលដ្ឋានដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្ស កុំឱ្យពិបាកក្នុងការទៅសិក្សាឆ្ងាយពីផ្ទះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រការដែលឱ្យកូនៗបានសិក្សារៀនសូត្រ គឺធ្វើឲ្យពួកគាត់មានចំណេះដឹង ព្រោះថាមានតែចំណេះដឹងនោះហើយ ដែលរុញច្រានឲ្យពួកគាត់ឆ្លងផុតពីភាពល្ងង់ខ្លៅ នឹងចេញផុតពីភាពក្រីក្របានផងដែរ។
ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងជំរុញឲ្យអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកកោះសូទិន ខិតខំបំរើសេវាជូនប្រជាជន ទាំងសេវាសន្តិសុខ សេវារដ្ឋបាល សេវាសាធារណៈ ពោលគឺធ្វើយ៉ាងណា ឲ្យពួកគាត់ទទួលបានសេវាយ៉ាងត្រឹមត្រូវ ស្របច្បាប់ ឆ្លើយតបទៅនឹងសំណូមពររបស់ពួកគាត់ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងនាមជាអាជ្ញាធរ និងជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវធ្វើអំពើល្អ ត្រូវចេះស្រឡាញ់ប្រជាជនរបស់យើង នឹងត្រូវខិតខំដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ។ជាមួយគ្នានេះ ចំពោះបញ្ហាសន្តិសុខ ដូចជាករណីចោរលួច ចោរប្លន់ជាដើម សមត្ថកិច្ចយើងទាំងអស់ត្រូវខិតខំប្រឹងប្រែង ប្រើប្រាស់នូវមធ្យោបាយសរុប វិធានការសរុប ដើម្បីបំបែកសំណុំរឿង ឬក្រុមទាំងឡាយណា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានរបស់យើង សំដៅធ្វើយ៉ាងណា ផ្ដល់សេចក្តីសុខជូនប្រជាជនរបស់យើង។