ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ការរីករាលដាល ជំងឺកូវីដ១៩ ទាំងបរិបទសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ លោក​ ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាកូនប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងបរិបទសេដ្ឋកិច្ច និងសង្គម។

អ្នកតំណាងរាស្រ្ត​ ហ៊ុន​ ម៉ានី​ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះថា «កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងបរិបទសេដ្ឋកិច្ច និងសង្គម។ លើសពីនេះទៅទៀតនោះ កម្ពុជារឹតតែមានសមត្ថភាពបន្ថែមដេីម្បីបន្តការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទូទាំងប្រទេស ហើយកម្ពុជាក៏កំពុងបន្តចរចាក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រជាជនយេីង។ រឹតតែសំខាន់ ហើយភាពជោគជ័យដែលយើងទទួលបានទាំងនេះ គឺស្តែងចេញ ពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប»។ 

សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួនអ្នកឆ្លងសរុប ៤៦៥ នាក់  ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន៤៤៣ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន ២២ នាក់ (គ្មានអ្នកស្លាប់) ៕

To Top