ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ វិស័យអាទិភាពចំនួន៤ មនុស្ស ទឹក ផ្លូវ ភ្លើង គឺជាមុំ សម្រាប់ ការវិនិយោគរយៈពេល៥០ឆ្នាំ ទៅមុខទៀត

ភ្នំពេញ ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋ និងមន្រ្តីជាច្រើននាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា មានចំនួន៤ ដូចជា មនុស្ស ទឹក ផ្លូវ ភ្លើង គឺជាមុមសម្រាប់ការវិនិយោគ ក្នុងរយៈពេល៥០ឆ្នាំតទៅមុខទៀត។

ក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ១៩៨៧ សម្ដេចប្រកាសវិស័យអាទិភាព៤យ៉ាង ដើម្បីទាក់ទងការវិនិយោគ ដូចជា ៖ ទឹក ផ្លូវ ភ្លើង មនុស្ស។

សម្ដេចតេជោ មានប្រសាសន៍ថា «ឥឡូវនេះយើងបន្ដប្រើប្រាស់វាបន្ដទៀត គ្រាន់តែដូរមុម គឺមុមទីបួន ដែលមុននេះធនធានមនុស្សក្លាយជាមុមទីមួយ។ក៏ប៉ុន្ដែបញ្ហាទឹកក៏នៅតែជាបញ្ហាអាទិភាពរបស់យើង។ឯទឹកខ្ញុំចង់និយាយនេះ ពេលនោះ មិនមែនបញ្ហាទឹកស្រោចស្រពនោះទេ តែទាក់ទងជាមួយទឹកគឺប្រើប្រាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជ នយើងផងដែរ»។

សម្ដេចតេជោបញ្ជាក់ថាកម្ពុជាបានធ្វើត្រូវចំពោះបញ្ហាខាងលើនេះក្នុងរយៈពេលជាង៣០រួចមកហើយ។សម្ដេច ក៏បានជឿជាក់ថាវិស័យអាទិភាពទាំង៤យ៉ាងនេះ នឹងត្រឹមត្រូវក្នុងរយៈពេល៥០ឆ្នាំទៅមុខទៀត សម្រាប់ប្រទេសកម្ពុជា។

សម្ដេចបញ្ជាក់ថា« មនុស្ស ទឹក ផ្លូវ និងភ្លើង»គឺជាមុមផ្ដល់អាទិភាព សម្រាប់ការវិនិយោគបន្ដ ៕

To Top