នយោបាយ

នាយករដ្ឋមន្រ្តី គ្មានគម្រោង លុបចោលពិធីបុណ្យ ចូលឆ្នាំខ្មែរ ដូចឆ្នាំមុននោះទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា សម្តេចគ្មានគម្រោង លុបចោល ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដូចឆ្នាំមុននោះទេ ព្រោះកម្ពុជាគ្រប់គ្រង សភាពការណ៍ និងទប់ស្កាត់ជំងឺកូវីដ១៩ បានល្អប្រសើរ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ក្នុងពិធីបើកការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹក ស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌ ជ្រោយចង្វារាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ យ៉ាងដូច្នេះថា «ឆ្នាំនេះ ច្បាស់ណាស់ថា ខ្ញុំគ្មានគម្រោងនឹងលុបចោល ពិធីចូលឆ្នាំខ្មែរ ដូចឆ្នាំទៅ ទាំងក្នុងសភាពការណ៍ មិនច្បាស់លាស់នោះទេ » ។

សម្តេចតេជោបន្តថា ឆ្នាំទៅមូលហេតុដែលផ្អាកចូលឆ្នាំ តែចូលឆ្នាំនៅតែចូលប៉ុន្តែផ្អាក ការឈប់សម្រាក ក្នុងពេលចូលឆ្នាំហើយសងវិញ ៥ថ្ងៃក្រោយ ។ ឆ្នាំនេះគ្មានគម្រោងនោះទេ ពីព្រោះមូ លហេតុឆ្នាំ ទៅមានពលករមក១២ម៉ឺននាក់ មកពីប្រទេសថៃ សម្រុកចូលមកកម្ពុជាភ្លាម ដែលចំណុចនេះបាន ធ្វើឲ្យមិនដឹងថាអ្នកមានជំងឺកូវីដ១៩ ឬអត់ បូកទាំងអ្នកចេញពីភ្នំពេញទៀត ។

សម្តេចបញ្ជាក់ថា «ចំណុចនេះច្បាស់ ជាពិបាកហើយ ដូច្នេះបានជាក្រុមការងារបាន ស្នើសុំឲ្យផ្អាកសម្រាកការ ចូលឆ្នាំតាំងងពីខែ៣ (២០២០) ប៉ុន្តែនៅសល់តែ៦ថ្ងៃ មុនចូលឆ្នាំ ខ្ញុំប្រកាសឲ្យផ្អាកចូលឆ្នាំ »។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា មូលហេតុដែលសម្ដេច មិនមានគម្រោងបិទ ផ្អាកចូលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះដោយសារមានការគ្រប់បគ្រង បងប្អូនពលករ មកពីប្រទេសថៃ បានដាក់ធ្វើចត្តាឡីស័ក ។

យ៉ាងណាក្តីសម្តេច ក៏បានដាក់វិធានការ សម្រាប់នៅថ្ងៃខាងមុខថា បើសិនមានការផ្ទុះជំងឺ កូវីដ១៩ នៅក្នុងសហគមន៍អាច នឹងមានវិធានការផ្សេង ។ ប៉ុន្តែសម្តេចធានាថា ច្បាប់ក្នុងគ្រាមា នអាសន្ន មិនត្រូវបានដាក់ឲ្យប្រើនោះទេ តែវិធានត្រូវប្រុងប្រយ័ត្នជានិច្ច ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ «ចូលឆ្នាំនៅតែចូល ប៉ុន្តែយើងរក្សាគម្លាតទៅ! រាំងក៏រាំទៅ តែរាំងឲ្យឆ្ងាយ ឥឡូវរាំក្បាច់ស្លួ ប្រហែលជាបង់បោះចោល ហើយលើពិភពលោកនេះ»។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ការរៀបចំពិធីអាពាហ៍ពិពាហ៍ក៏រៀបចំ ចុះ ប៉ុន្តែត្រូវរក្សាគម្លាត ដោយក្នុងមួយតុធ្លាប់ដាក់គ្នា ១០នាក់ ទុកតែ៥នាក់ បានហើយដើម្បីរក្សាគម្លាត ។

សម្តេចបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋ មានតម្លៃខ្លាំងណាស់ ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលចំណុចនេះ ស្ថិតក្នុងអភិបាលកិច្ចទាំងអស់ ហើយមិនប្រាកដថា ប្រទេសអ្នកមានមិន ស្លាប់មនុស្សនោះទេ ផ្ទុយទៅវិញប្រទេសអ្នកមានស្លាប់ មនុស្សច្រើនជាងគេទៅវិញ ។

សម្តេចក៏បានលើកឡើងថា ដំណើរការដឹកនាំការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ មានការពិបាកជាងការដឹកនាំយោធា ធ្វើការប្រយុទ្ធទៀត ព្រោះថាជំងឺកូវីដ១៩ មិនដឹងទីតាំងច្បាស់លាស់ និងគ្មានស្រមោល ដូច្នេះមិនដឹងទៅណានោះទេ ។

សម្តេចបញ្ជាក់ថា ៖ «ខ្លួនយើងក៏មិនដឹងថា មានជំងឺកូវីដ១៩ ឬអត់ហើយអ្នកដទៃ ក៏គេមិនដឹងថាមានវាឬអត់ វាស្ថិតនៅក្នុងកន្លែងនឹង ជាការលំបាករបស់វា» ៕

ដោយ ៖ ស សំណាង

To Top