ព័ត៌មានជាតិ

គម្រោងស្រូវត្រយង មានភាពជោគជ័យ ក្នុងការទប់ស្កាត់ ការរុករានទន្ទ្រាន កាន់កាប់ដី ព្រៃខុសច្បាប់

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានអះអាងថា ការអនុវត្តគម្រោងស្រូវត្រយង មានភាពជោគជ័យ នៅក្នុងការទប់ស្កាត់ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់នៅក្នុងតំបន់សហគមន៍ ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន ។

ការអះអាងរបស់លោក នេត្រ ភក្ត្រា បែបនេះធ្វើឡើង ខណៈលោកបានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានមួយក្រុម ទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ២៩ – ៣១ ខែមករាឆ្នាំ ២០២១ ដោយមានឧបត្ថម្ភគាំទ្រពីគម្រោងUSAID ព្រៃឡង់បៃតង។

សូមរំឭកថា ការអនុវត្តគម្រោងស្រូវត្រយង តម្រូវឱ្យកសិករ ដែលជាសមាជិកស្រូវត្រយងទាំងអស់ អនុវត្តតាមគោលការណ៍សំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយ នឹងការគោរពលើបរិស្ថាន ការពារធនធានធម្មជាតិ រួមមានទី១ ៖ គឺត្រូវដាំស្រូវដោយគោរព ទៅតាមគោលការណ៍ សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀត លើការដាំដុះរបស់ពួកគាត់ ។ ទី២៖ គឺការគោរពទៅនឹងគោលការណ៍ដាំដុះដែលមានបច្ចេកទេស ដោយមានការបង្ហាត់បង្រៀន ពីសំណាក់អង្គការ WCS មន្ត្រីជំនាញរបស់អង្គការ WCS និងដៃគូ ដើម្បីធ្វើឱ្យស្រូវដែលដាំដុះទាំងអស់នោះ គោរពទៅតាមបទដ្ឋានបច្ចេកទេស និងតាមការកំណត់និយាមទទួលទិញ ពីប្រទេសអ្នកបញ្ជាទិញស្រូងត្រយងនេះ។ ទី៣៖ ប្រជាកសិករ ដែលបានដាំស្រូវត្រយង ត្រូវប្រើប្រាស់ដី ដែលមិនមែនបានពីការកាប់ទន្រ្ទានកាន់កាប់ដីព្រៃនោះទេ ដែលជាចំណុចហាមឃាត់ដាច់ខាត។ ទី៤៖ ប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោងនេះ គឺត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃ។ ទន្ទឹមនេះ បើតាមលក្ខខណ្ឌនៃ គម្រោងទាំង៤នេះ គឺបានធ្វើឱ្យមានភាពល្អប្រសើរឡើងនូវការការពារ និងអភិរក្សធនធានធម្មជាតិ ។

លោក នេត្រ ភក្ត្រា ថ្លែងថា «គម្រោងស្រូវត្រយងនេះគឺមានភាពជោគជ័យ នៅក្នុងការទប់ស្កាត់ការរុករាន ទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ហើយ ក៏ជាការបង្កើតនូវមុខរបរថ្មី ជម្រើសថ្មី ឱ្យពួកគាត់ងាកមកធ្វើស្រែចម្ការបានស្រូវ សម្រាប់គាត់ហូបហើយមានស្រូវ សម្រាប់លក់ដូរក្នុងតម្លៃ ថ្លៃទៅខាងក្រៅទៀត»។

លោកបន្ថែមថា លើសពីនេះទៅទៀត ប្រជាសហគមន៍អាចថែរក្សាការពារ បាននូវធនធានធម្មជាតិ ការពារទាំងព្រៃឈើ សត្វព្រៃ។ ជាក់ស្តែងប្រជាពលរដ្ឋមួយចំនួន នៅសហគមន៍អេកូទេសចរណ៍ត្មាតប៉ើយ ខេត្តព្រះវិហារបានចូលរួមហើយពួកគាត់និយាយថាបើដឹងថារក្សាព្រៃរក្សាសត្វបានលុយតាមរយៈទេសចរណ៍ធម្មជាតិ ម្លេះពួកគាត់អត់បាញ់សម្លាប់ឬអត់ទាន្ទ្រានដីព្រៃនោះឡើយ។

តាមរយៈលទ្ធផលនេះ ក្រសួងបរិស្ថានជំរុញឱ្យអង្គការដៃគូពាក់ព័ន្ធ យកគម្រោងស្រូវត្រយងនេះ ទៅអនុវត្តតាមតំបន់ការពារធម្មជាតិផ្សេងៗនៅក្នុង២០ខេត្ត ក្នុងចំណោម២៥រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាជម្រើសថ្មីឱ្យប្រជាសហគមន៍សម្រាប់ប្រកបរបរចិញ្ចឹមជីវិតជំនួស ឱ្យការកាប់ឈើ បរបាញ់សត្វ និង រុករានទន្រ្ទានដីព្រៃខុសច្បាប់៕

To Top