បច្ចុប្បន្នភាព
លោក Myo Nyunt អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលជាគណបក្សកាន់អំណាច របស់សហភាពមីយ៉ានម៉ា បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី១ ខែកុម្ភៈនេះថា កងកម្លាំងយោធា របស់ប្រទេសនេះ បានធ្វើរដ្ឋប្រហារដោយចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី(Aung San Suu Kyi) លោកប្រធានាធិបតី Win Myint រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ក្នុងជួររដ្ឋាភិបាល ។
ក្រោយពីរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល អ្នកនាំពាក្យកងកម្លាំងយោធាលោក Zaw Min Tun បានប្រកាសដាក់រដ្ឋ ក្នុងគ្រាអាសន្នរយៈពេល១ឆ្នាំ និងបានប្រកាសផ្ទេរអំណាច ទៅអោយលោក មីន អ៊ុង លាំង (Min Aung Hlaing) ប្រមុខដឹកនាំកងកម្លាំងយោធា ជាអ្នកគ្រប់គ្រងប្រទេស ជំនួសរដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អ៊ុងសាន ស៊ូជី វិញ ។
កងកម្លាំងយោធា និងកងកម្លាំងនគរបាលរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅទីក្រុងនានា មានទីក្រុង ណៃពិដោរ និងទីក្រុងយ៉ាងហ្គោនជាដើម ដើម្បីការពារសន្តិសុខ ក្រោយពីប្រមុខដឹកនាំយោធា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងចាប់ផ្តើមគ្រប់គ្រងប្រទេសនេះ ដូចកាលពីមុនបោះឆ្នោត ។
សូមបញ្ជាក់ជូនថា សហភាពមីយ៉ានម៉ា ត្រូវបានគ្រប់គ្រងដោយរបបសឹក អស់រយៈពេលជាង៥ទសវត្សរ៍ កន្លងមកហើយ ទើបតែកាលពីឆ្នាំ២០១១កន្លងទៅ របបសឹកបានប្រកាស អោយមានគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងយកអំណាច តាមរយៈការបោះឆ្នោត ហើយខាងកងកម្លាំងយោធា ក៏បានបើកគណបក្សប្រកួតប្រជែងដែរ ។
ការបោះឆ្នោតលើកដំបូង ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៥កន្លងទៅ ដោយគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះ ដោយទទួលបានសម្លេងគាំទ្រភាគច្រើន និងបានបង្កើតរដ្ឋាភិបាលស៊ីវិលមួយឡើង ដោយដឹកនាំប្រទេសនេះ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ។
ការបោះឆ្នោតដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះម្តងទៀត ដោយទទួលបានសម្លេងគាំទ្រ ចំនួន៣៩៦អាសនៈ ក្នុងចំណោមអាសនៈសរុប ក្នុងរដ្ឋសភាចំនួន៤៧៦អាសនៈ ។
សមាជិករដ្ឋសភាថ្មី គ្រោងនឹងចាប់ផ្តើម បើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅថ្ងៃចន្ទ ទី១ ខែកុម្ភៈនេះ ប៉ុន្តែកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារដោយឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងផ្ទះ និងបានចាប់ខ្លួនលោកប្រធានាធិបតី រួមទាំងមន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលជាច្រើននាក់ផ្សេងទៀត និងមិនទាន់ដោះលែងនៅឡើយ ។
អ្នកនាំពាក្យកងកម្លាំងយោធា លោក Zaw Min Tun បានប្រកាសថា ការបោះឆ្នោត អាចនឹងត្រូវបានរៀបចំធ្វើឡើងសាជាថ្មី នៅឆ្នាំក្រោយ ២០២២ ក្រោយពីបញ្ចប់ការដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយលោក មីន អ៊ុង លាំង (Min Aung Hlaing) ប្រមុខដឹកនាំកងកម្លាំងយោធា ជាអ្នកគ្រប់គ្រងប្រទេសនេះ ក្នុងគ្រាអាសន្ន ។
ចំពោះលទ្ធផលឆ្នោត កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះ នឹងមិនត្រូវបានចាត់ទុកជាបានការទេ និងត្រូវលុបចោលទាំងស្រុង ដោយរង់ចាំការបោះឆ្នោតសាជាថ្មី នៅឆ្នាំ២០២២ខាងមុខ ក្រោយបញ្ចប់ការដាក់ប្រទេស ក្នុងគ្រាអាសន្ន ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី គឺដោយសារមូលហេតុសំខាន់២ គឺការលួចបន្លំសន្លឹកឆ្នោត និងដោយសារប្រទេសនេះនឹងជួបគ្រោះអាសន្ន ។
មូលហេតុទី១ កងកម្លាំងយោធាបានចោទប្រកាន់ថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ចុងឆ្នាំ២០២០កន្លងទៅនេះ មិនមានតម្លាភាព និងមានការលួចបន្លំលើសន្លឹកឆ្នោត ប្រមាណជាង៨លានសន្លឹក ដែលត្រូវតែយោធាត្រួតពិនិត្យ ។
ក្រោយពីការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោត មិនបានអនុញ្ញាត អោយកងកម្លាំងយោធា ចូលត្រួតពិនិត្យទេ ដោយបានលើកឡើងថា ការបោះឆ្នោតនោះ បានប្រព្រឹត្តទៅដោយយុត្តិធម៌ និងមិនមានការលួចបន្លំទេ ដោយមិនមានភាពប្រក្រតីតិចតួច ។
កងកម្លាំងយោធា មិនអាចទទួលយកការបកស្រាយ របស់គណៈកម្មការរៀបចំការបោះឆ្នោតទេ និងបានគម្រាមចាប់តាំងពីថ្ងៃពុធ សប្តាហ៍មុនថា កងកម្លាំងយោធា អាចនឹងធ្វើរដ្ឋប្រហារ ប្រសិនបើមិនមានការពិនិត្យសន្លឹកឆ្នោត ។
មូលហេតុទី២ កងកម្លាំងយោធាជូនដំណឹង ដល់ប្រមុខដឹកនាំរដ្ឋាភិបាលស៊ីវិលរួចហើយថា ប្រទេសនេះ កំពុងជួបគ្រោះអាសន្ន ដោយការឆ្លងរាលដាលវីរុសCovid-19 ដូច្នេះការបោះឆ្នោត អាចនឹងរៀបចំឡើងនៅឆ្នាំ២០២២ខាងមុខ ដើម្បីបញ្ចៀសការឆ្លងវីរុសនេះ ។
កងកម្លាំងយោធាបានចាត់ទុកថា ការឆ្លងរាលដាលវីរុសCovid-19 គឺជាគ្រោះថ្នាក់សម្រាប់ប្រទេស ហើយការរៀបចំ អោយមានការបោះឆ្នោត អាចនាំអោយប្រជាពលរដ្ឋបាត់បង់គម្លាតសុវត្ថិភាព និងនាំអោយករណីឆ្លងវីរុសCovid-19 នៅប្រទេសនេះកាន់តែច្រើន ។ ដោយសារតែរដ្ឋាភិបាលស៊ីវិល មិនបានធ្វើតាមការជូនដំណឹង របស់កងកម្លាំងយោធា ទើបនាំអោយមានរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិល និងដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ដើម្បីបញ្ចៀសវិបត្តិទាំង២ខាងនេះ ៕
អ៊ី ជិន