សារជាសម្លេង៖
ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបានផ្ញើសារពិសេសជាបន្ទាន់មួយដើម្បីបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធនៅជាប់ព្រំដែនកម្ពុជាគឺវៀតណាម និងថៃត្រូវចូលរួមអនុវត្តម៉ឹងម៉ាត់ទប់ស្កាត់កុំឲ្យមានការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសទាំង២នេះចូលក្នងសហគមន៍កម្ពុជា។
ការចេញសារជាបន្ទាន់របស់សម្តេចតេជោនេះដោយសារវៀតណាមមានករណីឆ្លងជំងឺកូវីដ១៩ខ្លាំងឡើងជារៀងរាល់ថ្ងៃ រហូតដល់ចូលសហគមន៍ដែរ។ វៀតណាម និងថៃត្រូវបានរកឃើញមានការឆ្លងជំងឺកូវីដ១៩ក្នុង១ថ្ងៃៗជាច្រើនរយនាក់។
សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ចូលរួមទប់ស្កាត់ដោយត្រូវធ្វើចត្តាឡីស័ក្តចំពោះពលរដ្ឋវៀណាមមកកម្ពុជា និងពលរដ្ឋខ្មែរចូលទៅវៀតណាម។ ជាពិសេសក្រសួងត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តជាប់ព្រំដែន ក្នុងការធ្វើចត្តាឡីស័ក្តនេះឲ្យបានម៉ត់ចត់។
ចំពោះអាជ្ញាធរជាប់ព្រំដែនវិញ សម្តេចបញ្ជាឲ្យឧស្សាហ៍ទាក់ទងទៅបណ្តាអាជ្ញាធរខេត្តថៃ និងវៀតណាម សម្រាប់សួរនាំអំពីការធ្វើចត្តាឡីស័ក្ត។ ជាមួយគ្នានោះមិនត្រឹមរឹតបន្តឹងធ្វើដំណើរឆ្លងកាត់ព្រំដែនទេ ត្រូវរឹតបន្តឹងធ្វើចត្តាឡីស័ក្តផងដែរ។
សម្តេចតេជោក៏បានបារម្ភចំពោះពិធីបុណ្យចូលឆ្នាំចិនផងដែរ ។ សម្តេចក៏បានឲ្យពលរដ្ឋចូលការពារទាំងអស់គ្នា។
សម្តេចតេជោបានថ្លែងបន្តថា បើយើងមានការធ្វេសប្រហែសប្រទេសយើងនឹងមានការខ្ទេចខ្ទាំទៅដោយកូវីដ-១៩ ពីប្រទេសថៃផង និងប្រទេសវៀតណាមផង”។
សម្តេចតេជោឲ្យអាជ្ញាធរគ្រប់លំដាប់ត្រូវចូលរួមទប់ស្កាត់ ទាំងទាហ៊ាន និងប៉ូលីសជាដើម។ ក្នុងនោះក្រសួងសុខាភិបាលក៏ត្រូវចេញវិធានការណ៍អប់រំជាបន្តបន្ទាប់ផងដែរ៕