ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទស្តីពី “ការធ្វើបច្ចុប្បន្នភាព លើវឌ្ឍនភាពការងារ” រវាងអង្គការអន្តរជាតិ ខាងការងារ ILO និង ប.ស.ស. និងផែនការការងារ សម្រាប់ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅសាលប្រជុំ នៃបេឡាជាតិសន្តិសុខសង្គម ស្នាក់ការកណ្តាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានពិភាក្សាការងារមួយ ជាមួយលោក Finn Koh អ្នកគ្រប់គ្រងកម្មវិធី កិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិ ខាងការងារ (ILO) ប្រកបដោយភាពច្បាស់លាស់ ពីជំនាញនីមួយៗរបស់ខ្លួន ។
អស់រយៈពេលពេញមួយព្រឹក កិច្ចពិភាក្សានេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនរួមមាន ៖
(១).ការធ្វើបច្ចុប្បន្នភាព លើវឌ្ឍនភាពការងារ អង្គការ ILO និង ប.ស.ស.
(២).ការធ្វើបទបង្ហាញ និងពិភាក្សាលើផែនការ ការងាររវាងអង្គការ ILO និង ប.ស.ស. សម្រាប់ឆ្នាំ២០២១
(៣). ការពិភាក្សាការងារផ្សេងៗ។
សូមបញ្ជាក់ថា៖ កន្លងមកអង្គការអន្តរជាតិខាងការងារ (ILO) បានជួយលើគម្រោងស្តីពីយុទ្ធនាការ ផ្សព្វផ្សាយអំពីតាវកាលិករបស់ ប.ស.ស. ដល់សាធារណៈជន លើគម្រោងស្តីពី កញ្ចប់ព័ត៌មាន ប.ស.ស. សម្រាប់និយោជក និងកម្មករនិយោជិត គម្រោងស្តីពី ទំនើបភាវូបនីយកម្ម រចនាសម្ព័ន្ធអង្គភាពរបស់ ប.ស.ស. រួមទាំងវគ្គបណ្តុះបណ្តាល ស្តីពីការវិនិយោគ និងការគ្រប់គ្រងទិន្នន័យផងដែរ៕