ភ្នំពេញ ៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា តាមការសិក្សាជាច្រើន បង្ហាញថា នៅពេលស្រ្តីកាន់តែច្រើន មានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីចូលរួមអភិវឌ្ឍ គ្រួសារ តាមរយៈលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនឱកាសអាជីវកម្ម។
ក្នុងវេទិកាប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាពស្តីពី «លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្រ្តី ក្នុងស ម័យកាលកូវីដ-១៩» កាលពីថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា បរិយាបន្នហិរញ្ញវត្ថុដើរតួ នាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់វិបុលភាពនៅកម្ពុជា។ ការជំរុញលទ្ធភាពទទួ លបានសេវាហិរញ្ញវត្ថុមានតម្លៃសមរម្យ និងការប្រើប្រាស់សេវាទាំងនេះ បានត្រឹមត្រូវតាមគោលដៅ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។
លោកបញ្ជាក់យ៉ាងដូច្នេះថា «លើសពីនេះ ការសិក្សាជាច្រើនបានបង្ហាញថា នៅពេលស្រ្តីកាន់តែច្រើនមានលទ្ធភាព ទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពួកគេនឹងចូលរួមក្នុងការអភិវឌ្ឍគ្រួសារ និងសហគមន៍ច្រើនជាងបុរស តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ ការបង្កើនឱកាសអាជីវកម្ម ការសន្សំ និងការត្រៀមខ្លួនទប់ទល់នឹងបញ្ហាហិរញ្ញ វត្ថុនាពេលមានអាសន្ន ដែលកត្តាទាំងនេះនឹងនាំឲ្យគ្រួសារ និងសហគមន៍របស់ពួកគេមានលទ្ធភាពច្រើនជាងមុន ក្នុងការទទួលបានសេវាចាំបាច់នានា ដូចជា សេវាអប់រំ សេវាសុខភាព អនាម័យ និងទឹកស្អាត ជាដើម»។
លោកបន្ថែមថា គិតត្រឹមដំណាច់ឆ្នាំ២០២០ យោងតាមទិន្នន័យផ្នែកផ្គត់ផ្គង់ បានបង្ហាញថា ប្រព័ន្ធធនាគារទាំងមូល បានផ្តល់សេវាហិរញ្ញវត្ថុផ្លូវការជូនអតិថិជនប្រាក់បញ្ញើ ជាង ៨លាន គណនី និងអតិថិជនកម្ចីចំនួនជាង ៤លាន នាក់។ កម្រិតបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាជនទាំងពីរភេទ គឺប្រហាក់ប្រហែលគ្នា។
ឆ្លៀតឱកាសនោះដែរ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ក៏បានសង្ឃឹមយ៉ាងមុតមាំថា វេទិកាប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព នឹងផ្តល់នូវព័ត៌មាន និងចំណេះដឹងខ្លះៗពាក់ព័ន្ធការដោះស្រាយបញ្ហា ប្រឈម ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មរបស់ លោក-លោកស្រី ដែលជាសិក្ខាកាម។
ជាងនេះទៅទៀត វេទិការនេះត្រូវបានប្រព្រឹត្តិឡើង ដើម្បីឆ្លើយតបទៅនឹងគោលបំណងរួមគ្នា របស់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រសហគ្រិនស្ត្រី ក្នុងការទទួលបានផលិតផល និងសេវាហិវត្ថុនានា ក្នុងអំឡុងពេលនិងក្រោយពេលជំងឺរាតត្បាត កូវីដ-១៩ និងដោយយោងការ សង្កេតឃើញនូវតម្រូវការសិក្សា ចែករំលែក និងសហការគ្នា រវាងភាគីពាក់ព័ន្ធជាច្រើន ដើម្បីផ្តល់ព័ត៌មាន និងផលិតផលហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី ។ បន្ទាប់ពីវេទិកានេះ រំពឹងថា នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការ រវាងតួរអង្គសំខាន់ៗ ដើម្បីពាំនាំនូវជម្រើសហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព ទៅដល់សហគ្រិនស្ត្រីវ័យក្មេង ដើម្បីឲ្យពួកគេអាចពង្រីក និងចាប់ផ្តើមមុខជំនួញរបស់ខ្លួន៕