Covid-19

លោក វ៉ាង វិនធាន៖ កម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេ ដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីចិន

ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា វ៉ាក់សាំងកូវីដ-១៩ ប្រគល់ឲ្យកម្ពុជានាពេលនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការជួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩ខណៈកម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន។

លោក Wang Wentian

ក្នុងពិធីទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់មិត្តចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក Wang Wentian បានថ្លែងថា «ខ្ញុំសូមបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុង ចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសចិន។ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសក ម្ពុជា ដែលបានរៀបចំពិធីយ៉ាងឱឡារិក»។

លោកបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា វ៉ាក់សាំងទាំងនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការជួយប្រទេសកម្ពុជា ទប់ស្កាត់វិរុសកូវីដ-១៩។ជំងឺវិរុសកូវីដ-១៩ បន្ដរីករាលយ៉ាងខ្លាំងក្លានៅទូទាំងពិភពលោក ការសាមគ្គីភាព ក្នុងការទប់ស្កាត់ឆ្លងជំងឺវិរុសនូវតែជាភារកិច្ចចំបងសម្រាប់សហគមន៍អន្ដរជាតិ»។

ជាងនេះទៅទៀត ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក៏បានរៀបរាប់ថា អំណាយវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់ភាគីចិនដំបូងគេចំនួន៦០ម៉ឺនដូស និងបានបញ្ជូនមកប្រទេសកម្ពុជា នាពេលនេះ ក្នុងនោះ រាប់ទាំងបញ្ចូលវ៉ាក់សាំងមួយចំនួន របស់កងទ័ពរំដោះប្រជាជនចិនជូនចំពោះ កងយោធពលខេមរភូមិន្ទទាំងនេះបង្ហាញឲ្យឃើញថាមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់កងទ័ពយើងទាំងពីរ»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា មានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានផ្ដល់ជំនួយវ៉ាក់សាំង ចំនួន៦០ម៉ឺនដូស ក្នុងជំហានទីមួយ ក្នុងចំណោម១លានដូស តាមរយៈក្រសួងការពារជាតិចិន ជូនដល់កងទ័ព និងប្រជាជនកម្ពុជា នាពេលនេះ»។

សម្ដេចតេជោ បន្ដថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ចិនឈ្មោះ ស៊ីណូហ្វាម (Sinopharm) ដែលផ្ដល់ឲ្យកម្ពុជានាពេល គឺជាវ៉ាក់សាំង ត្រូវបានទទួលស្គាល់មួយដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព ចាប់អាយុ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ត្រូវបានបញ្ជាទិញ និងអនុម័តជាច្រើន ក្នុងតំបន់ និងសកលលោក។

សូមជម្រាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។
ជាងនេះទៅទៀត ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន៕

ដោយ ៖ អេង ប៊ូឆេង

To Top