នយោបាយ

អាមេរិកអំពាវនាវជាថ្មី ឲ្យយោធាភូមាបោះបង់ចោលអំណាច និងដោះលែងអ្នក ដែលត្រូវបានចាប់ខ្លួន

ភ្នំពេញ៖ សហរដ្ឋអាមេរិក អំពាវនាវជាថ្មី ឲ្យយោធាភូមាបោះបង់ចោលអំណាច ស្តារឡើងវិញ នូវរដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន លុបចោលវិញ នូវការរឹតត្បិតលើការទាក់ទងគ្នា តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមិនប្រើហិង្សា។

ជាមួយគ្នានោះ សហរដ្ឋអាមេរិក បានប្រកាសគាំទ្រសិទ្ធិ របស់ប្រជាជនភូមា ក្នុងការធ្វើការតវ៉ា ដើម្បីគាំទ្ររដ្ឋាភិបាលដែលជាប់ឆ្នោត តាមលទ្ធិប្រជាធិបេតយ្យ និងសិទ្ធិរបស់គេ ក្នុងការទទួលបានព័ត៌មានដោយសេរី។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៨កុម្ភៈនេះ បានបញ្ជាក់ថា “យើងគាំទ្រសិទ្ធិរបស់ប្រជាជនភូមា ក្នុងការធ្វើការតវ៉ា ដើម្បីគាំទ្ររដ្ឋាភិបាល ដែលជាប់ឆ្នោត តាមលទ្ធិប្រជាធិបេតយ្យ និងសិទ្ធិរបស់គេ ក្នុងការទទួលបានព័ត៌មានដោយសេរី។ យើងសូមថ្លែងសាជាថ្មី នូវការអំពាវនាវរបស់យើង ឲ្យយោធាភូមា បោះបង់ចោលអំណាច ស្តារឡើងវិញ នូវរដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន លុបចោលវិញ នូវការរឹតត្បិតលើការទាក់ទងគ្នា តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមិនប្រើហិង្សា”។

សូមរំលឹកថា លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ លោកលោក U Win Myint ប្រធានាធិបតី និងមេដឹកនាំរដ្ឋាភិបាលស៊ីវិល របស់ភូមាជាច្រើននាក់ ត្រូវយោធាចាប់ឃុំខ្លួន កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ធ្លាប់បានគម្រាមដាក់ទណ្ឌកម្មជាថ្មី លើប្រទេសមីយ៉ានម៉ា ក្រោយមានរដ្ឋប្រហារធ្វើឡើង ដោយថ្នាក់ដឹកនាំយោធា និងបានស្នើឲ្យមានការឆ្លើយតបអន្តរជាតិ ដើម្បីដាក់សម្ពាធពួកគេ ឲ្យចុះចេញពីអំណាច៕

To Top