ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋខ្វះខាតជីវភាព ៩៨គ្រួសារ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះសំលេហសំណាល និងអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន៩៨គ្រួសារ មកពីភូមិបឹងបាសាក់៤៥គ្រួសារ ភូមិកំពង់រលីង១៥គ្រួសារ និងភូមិតាណេង ៣៨គ្រួសារ ដែលពិធីនេះធ្វើឡើង នៅក្នុងបរិវេណវត្តបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ ប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ ដោយក្តីនឹករលឹកបំផុត ដែលជានិច្ចកាល សម្ដេចប្រធាន តែងតែបារម្ភគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ឬ និន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់អំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ និងងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល” ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះដែរ លោកប្រធានគណៈកម្មាធិការសាខា បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩ តាមរយៈ នៃការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ដោយផ្តើមពីយើងម្នាក់ ៗ ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ,បរិភោគអាហារដែលចម្អិនឆ្អិនល្អ ជាពីសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នូវ យុទ្ធសាស្ត្រ “៣ការពារ និង ៣កុំ” រួមជាមួយវិធានការនានា តាមសារអប់រំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ កុំអោយជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ឆ្លងចូលក្នុងសហគមន៍របស់យើង។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៩៨ គ្រួសារ ,ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គ.ក្រាម ,ទឹកត្រី ១យួរ,មីយើង ១កេស, ទឹកស៊ីអ៊ីវ ១យួរ,ត្រីខ ១០ កំប៉ុង ,ឃីត ១កញ្ចប់,អាវយឺត ២ និងថវិកា ២០,០០០ រៀល ៕

To Top
×