ភ្នំពេញ៖ ក្នុងវេទិកាតុមូលស្ដីពី «អ្វីទៅដែលពិភពលោកនឹងទទួលបាន ពីនយោបាយថ្មីរបស់អាមេរិក» ក្រោមការដឹកនាំ លោក ចូបៃ ដិន នៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមអ្នកអត្ថាធិប្បាយព័ត៌មាន និងអ្នកវិភាគនៅកម្ពុជា បាននាំគ្នាលើកឡើងព្រមគ្នាថា គឺកម្ពុជាត្រូវធ្វើយ៉ាងទាញផលប្រយោជន៍ ពីប្រទេសមហាអំណាចយកមកអភិវឌ្ឍន៍ ប្រទេសរបស់ខ្លួន ដើម្បីបម្រើសេដ្ឋកិច្ច និងប្រជាជន។

ក្នុងវេទិកាតុមូលស្ដីពី អ្វីទៅដែលពិភពលោកនឹងទទួលបាន ពីនយោបាយថ្មីរបស់អាមេរិក លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា នាពេលកន្លងមក មានអ្នកមួយចំនួនយល់ច្រឡំ ពីទំនាក់ទំនងរវាងកម្ពុជា-ចិន ឬកម្ពុជា-អាមេរិក ដោយសារចិន បានផ្ដល់ផលប្រយោជន៍យ៉ាងច្រើន មកដល់កម្ពុជា ប៉ុន្តែគ្រប់បណ្ដាប្រទេសទាំងអស់សុទ្ធតែស្វះស្វែង រកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួន។ លោកថា ធម្មតាអ្នកណាផ្ដល់ផលប្រយោជន៍ឲ្យកម្ពុជាច្រើននោះ កម្ពុជាមានភាពជិតស្និទ្ធខ្លាំងជាង អ្នកមិនផ្ដល់ផលប្រយោជន៍ឲ្យហើយ។

លោកបញ្ជាក់ថា «ចំណុចមួយដែលសំខាន់ គឺសូមឲ្យខ្មែរយើង … បើយើងអាណិតស្រុក ស្រលាញ់ស្រុក ចង់ឲ្យប្រទេសអភិវឌ្ឍន៍ យើងកុំចំណាយពេលដើម្បីឈ្លោះគ្នា មួយកាន់ជើងអាមេរិក មួយកាន់ជើងចិន។ ខ្ញុំនៅតែចាត់ទុកថា ជារឿងមួយ ឥតប្រយោជន៍ ហើយជារឿងមួយខាតពេលវេលា»។
លោកបន្ថែមថា «ផ្ទុយទៅវិញយើងនាំគ្នាមើល តើអាមេរិកគាត់កំពុងទៅណា? ចិនគាត់កំពុងទៅណា? គាត់កំពុងធ្វើអ្វី? ហើយយើងជាប្រទេសតូចតាច យើងធ្វើម៉េចទាញផលប្រយោជន៍ពីមហាអំណាច ដើម្បីអភិវឌ្ឍន៍ប្រទេសយើង ជាពិសេសគេចផុតពីគ្រោះថ្នាក់ជាយថាហេតុ ដែលអាចកើតមានឡើង»។
ជាងនេះទៅទៀត លោក ប៉ែន បូណា ក៏បានធ្វើការអំពាវនាវ ដល់អ្នកនយោបាយទាំងអស់នៅកម្ពុជា កុំនិយាយអ្វីធ្វើឲ្យប៉ះពាល់ប្រទេសជាតិ ខណៈកម្ពុជាត្រូវមានការអភិវឌ្ឍទៅមុខជានិច្ច ដូច្នេះអ្នកនយោបាយ ត្រូវរួបរួមគ្នាអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត។

នាឱកាសនោះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អគ្គនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ ផ្នែកខេមរភាសា និងជាអ្នកជំនាញ ភូមិសាស្ត្រអន្តរជាតិ បានលើកឡើងដែរថា កម្ពុជាមានសិទ្ធិក្នុងការសំលឹងមើលថា ឯណាទៅផលប្រយោជន៍សម្រាប់ជាតិ ដើម្បីអភិវឌ្ឍន៍ទេសខ្លួន។
លោកបានបញ្ជាក់ថា «សព្វថ្ងៃនេះបើអត់មានចិន ការអភិវឌ្ឍប្រទេសកម្ពុជានៅបររទះគោនៅឡើយ។ ចិនជាអ្នកដាក់វិនិយោគទីមួយនៅកម្ពុជា ចិនជាអ្នកផ្ដល់ជំនួយអភិវឌ្ឍន៍ឥតសំណងលេខមួយ ។ ចិនជាប្រទេសឲ្យកម្ពុជាខ្ចីលុយច្រើនជាងគេ ។ ចិនជាអ្នកជួយកម្ពុជាផលិតហេដ្ឋារចនាសម្ព័ន្ធ”។
លោកបន្ដថា បញ្ហាអភិវឌ្ឍន៍ប្រទេសជារឿងមួយ ហើយរឿងអនុវត្តនយោបាយ អព្យាក្រឹត្យនិយម ជារឿងមួយផ្សេងទៀត។ កម្ពុជាបើកដៃរកលោកខាងលិច សហភាពអឺរ៉ុប អាមេរិក តែពួកគេមិនមកឲ្យធ្វើយ៉ាងម៉េច? ដូច្នេះ ត្រូវបញ្ជាក់ប្រាប់ពួកគេថា «កម្ពុជាអព្យាក្រឹត្យនិយម ត្រូវការអភិវឌ្ឍ»។ កម្ពុជាមិនអាចឈប់មើលប្រទេសជុំវិញខ្លួន ក្នុងអភិវឌ្ឍន៍ឡើយ ដូច្នេះ កម្ពុជាត្រូវការអភិវឌ្ឍគ្រប់ពេលវេលា៕ ដោយ អេង ប៊ូឆេង
