ព័ត៌មានជាតិ

មន្ត្រីពាណិជ្ជកម្ម ត្រូវខំពង្រឹងសមត្ថភាព និងបដិបត្តិតួនាទីភារកិច្ចឲ្យខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាព-គុណភាពការងារ

ភ្នំពញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំដល់មន្ត្រីរាជការ បម្រើការងារនៅមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) ខេត្តកំពង់ឆ្នាំង ឲ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងបដិបត្តិតួនាទីភារកិច្ចឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រសិទ្ធភាព និងគុណភាពការងារ ជូនប្រទេសជាតិ និងប្រជាជន។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួង។

ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការបម្រើការងារនៅមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា «សូមណែនាំឲ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុង ការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះផ្សារត្រួតពិនិត្យ សុវត្តិភាព ផលិតផល ទំនិញ គ្រឿងឧបភោគ បរិភោគ ឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ»។

លោកបានបន្ថែមថា មន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តធ្វើសហប្រតិបត្តិការឲ្យកាន់តែ ជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយបានទូលំទូលាយ នូវរាល់គោលការណ៍ លិខិតបទដ្ឋានច្បាប់ និងកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់ក្រសួងពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែល្អ។

លោកសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ត្រូវពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន លើសពីនេះត្រូវជំរុញយន្តការ ដោះស្រាយរាល់បញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍។

លោករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា ថ្មីនេះក្រសួងបានបង្កើតក្រុមប្រឹក្សាពិន័យ សំដៅទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បង្កានូវបាតុភាពអសកម្ម មិនគោរពវិន័យ ពុករលួយ រំលោភច្បាប់ និងបទបញ្ជាផ្ទៃក្នុង ៕

To Top