ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ រៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវ រវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ ជាមួយរដ្ឋបាលក្រុងតាខ្មៅ

ភ្នំពេញ៖ លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវ រវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងពិធីប្រកាសនេះ មានការចូលរួម ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោក ប្រាក់ សំអឿន បានលើកឡើងថា ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងដើម្បីឲ្យការអភិវឌ្ឍតំបន់នេះ ប្រកបដោយសោភណ្ឌភាព និងរបៀបរៀបរយ។ លោកសង្កត់ធ្ងន់ថា ក្រោយពីមានការផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌនេះ គឺមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាកម្ម ហើយការផ្ដល់សេវាកម្មទៅកាន់ប្រជាពលរដ្ឋ គឺជាចំណុចគន្លឹះដែលរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានរលូន និងស្របតាមគោលការណ៍កំណត់។

សូមបញ្ជាក់ថា ការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយកាត់យកភូមិ ចំនួន៥គឺ ភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឬស្សី, ភូមិព្រែកតាឡុង នៃសង្កាត់តាក្ដុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល មកឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកាត់យកផ្ទៃដីទំហំ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យមកស្ថិតក្រោមការគ្រប់គ្រង របស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ៕

To Top