ភ្នំពេញ ៖ “ច្បាស់ណាស់ថ្ងៃនេះ កូនប្រុសរបស់ខ្ញុំ (ហ៊ុន ម៉ាណែត) បានទទួលវ៉ាក់សាំងមុនគេជំនួសឲ្យឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ ពីការទទួលខុសត្រូវ របស់យើងចំពោះមុខ ជនរួមជាតិយើង”។
នេះជាប្រសាសន៍ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
សម្តេចតេជោបានថ្លែងបន្តថា ទីបំផុតកម្ពុជា បានចាប់ផ្តើមដំណើរការ ជាផ្លូវការនូវការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែប។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះបក្សរដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ដែលបានផ្តល់ជំនួយ ដ៏សប្បុរសដល់ប្រជាជនកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តីរៀបរាប់បន្តថា “មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំ លើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យ ខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះ កូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេ ជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ ពីការទទួលខុសត្រូវរបស់យើងចំពោះមុខ ជនរួមជាតិយើង។ ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូន ជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសបានច្បាស់ថា សូមបងប្អូន កុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពី ការអត់វ៉ាក់សាំងចាក់”។
សម្តេចថា ព្រោះគ្មានវ៉ាក់សាំង លក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។ ដូច្នេះពលរដ្ឋខ្មែររស់នៅ ប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំង មិនបានដោយសារ ការផលិតមិនទាន់។
សូមបញ្ជាក់ថា កាលពី ព្រលប់ថ្ងៃ៧ កុម្ភៈវ៉ាក់សាំងឈ្មោះស៊ីណូហ្វាមដែលជាជំនួយរបស់ចិនបានដឹកមកដល់កម្ពុជា ចំនួន៦០ម៉ឺនដូស ដោយក្នុងឱកាសនោះសម្តេចតេជោបានអញ្ជើញទៅទទួលដោយផ្ទាល់ នៅព្រលានយន្តហោះភ្នំពេញ ។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយបានទទួលវ៉ាក់សាំង កូវីដ១៩ឈ្មោះស៊ីណូហ្វាម ពីរដ្ឋាភិបាលចិន សម្តេចតេជោ បានថ្លែងថា កូនប្រុសទាំង៣របស់សម្តេចនឹងត្រូវបានទទួលវ៉ាក់សាំងកូវីដ ព្រមទាំងមន្រ្តីជាន់ខ្ពស់ ផ្សេងទៀត ដែលមានអាយុចាប់ពី១៨ទៅ៥៩ឆ្នាំ ខណៈសម្តេច មិនអាចចាក់បានទេ ដោយសារអាយុលើសការកំណត់៕