ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងគ្រប់គ្រង ការលក់លេខចុះបញ្ជីរថយន្តបានឲ្យដឹងថា ចំណូលពីការលក់លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស ឬលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួល បានចំនួន ៦៦.៤២៧,៧លានរៀល ស្មើនឹង១០៦,០% ធៀបនឹងចំណូលឆ្នាំ២០១៩ នៃការអនុវត្តចំណូលឆ្នាំ២០២០ មានការកើនឡើង៦,០%។

លោកស្រី កុយ សុដានី រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្នុងសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានណែនាំសមាជិកសមាជិកា គណៈកម្មការពិភាក្សាឲ្យបានផុសផុល ដើម្បីស្វែងរកយន្តការណាមួយសម្រាប់ គ្រប់គ្រងនីតិវិធីនៃការដាក់ដេញថ្លៃ លេខពិសេសផ្ទាល់ខ្លួនកាន់តែ ប្រសើរឡើងថែមទៀត សំដៅគ្រប់គ្រងចំណូលជាតិ ប្រកបដោយប្រសិទ្ធភាព។

លោកស្រីថា “ផ្អែកតាមរបាយការណ៍របស់ គណៈកម្មការអន្តរក្រសួង បានបញ្ជាក់ថា ចំណូលពីការលក់លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួលបានចំណូលសរុបចំនួន ៦៦.៤២៧,៧លានរៀល ស្មើនឹង១០៦,០% ធៀបនឹងចំណូលឆ្នាំ២០១៩ ការអនុវត្តចំណូលឆ្នាំ២០២០ មានការកើន ឡើង៦,០%»។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី កុយ សុដានី បានសម្តែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិកា គណៈកម្មការអន្តរក្រសួងគ្រប់គ្រង ការលក់លេខចុះបញ្ជីរថយន្ត និងក្រុមការងារនៃអនុគណៈកម្មការទាំងពីរ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ប្រកដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ៕

