ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឲ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជា មានគុណភាពពីម្ចាស់រោងចក្រ សហគ្រាស ក្នុងគោលចំណងការជ្រៀត ចូលទីផ្សារទំនើបដើម្បីផ្ដល់ ទំនុកចិត្តដល់អ្នកប្រើប្រស់ និងអតិថិជន។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងឧស្សាហកម្ម នាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីជំរុញលើកកម្ពស់ ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផលអនុលោមតាមស្តង់ដារ ក្នុងគោលបំណងការជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអតិថិជន ក្រសួងចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ចាប់ពីការជូនដំណឹងនេះតទៅ។
ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការស្នើសុំបញ្ជាក់ផលិតផលកម្ពុជាមានគុណភាព និងសុវត្ថិភាព ជាសេវាស្ម័គ្រចិត្ត៕