Covid-19

សម្តេច ទៀ បាញ់ បញ្ជាក់ពីការចាក់វ៉ាក់សាំងស៊ីណូហ្វាម ២០ថ្ងៃមកហើយ ថាគ្មានបញ្ហាអ្វីទេ

ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជាសម្តេច ទៀ បាញ់ បានថ្លែងបញ្ជាក់ពីការ ដែលសម្តេចបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ជាជំនួយរបស់ប្រទេសចិន ដែលមានរយៈពេល២០ថ្ងៃមកនេះ គឺថាគ្មានប្រតិកម្មនិងបញ្ហាអ្វីកើតឡើងឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ក្នុងឱកាសចាក់វ៉ាក់សាំងកូវីដ១៩ ដល់មន្រ្តីជាន់ខ្ពស់ ក្រសួងការពារជាតិ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេច ទៀ បាញ់បានមានប្រសាសន៍ថា សម្តេចបានចាក់វ៉ាក់សាំងនេះ រយៈពេល២០ថ្ងៃមកហើយ ប៉ុន្តែសម្តេចមិនមែនជាបុគ្គលដំបូងគេទេ គឹកូនសម្តេចបានចាក់មុនទៀត ដោយឃើញថា គ្មានបញ្ហាអ្វីទើបចាក់តាមក្រោយ។

សម្តេច ទៀ បាញ់ថា “តាំងពីចាក់អត់មានអីទេ គឺតែប៉ុន្នឹង គឺសុខភាពធម្មតា”។

រដ្ឋមន្រ្តីការពារជាតិបន្តថា ក្រោយពីចាក់រួមក្រុមវេជ្ជបណ្ឌិត បានណែនាំគឺទី១-កុំឲ្យធ្វើការងារធ្ងន់ហួសពីកំលាំង , ២- តមស្រា និងទី៣-គ្រឿងសមុទ្រក្នុងរយៈពេល៤ថ្ងៃ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៧ កុម្ភៈ ជំនួយវ៉ាក់សាំងកូវីដ១៩ចំនួន៦០ម៉ឺនដូស ដែលផ្តល់ដោយរដ្ឋាភិបាលចិន បានដឹកមកដល់កម្ពុជា ដោយមានការអញ្ជើញទៅទទួលស្វាគមន៍ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ហើយនៅព្រឹកថ្ងៃ១០ កុម្ភៈ កម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំង ពីសំណាក់ឥស្សរជនខ្ពស់ជាច្រើនរូប នៅតាមបណ្តាមន្ទីររដ្ឋចំនួន៥ ៕

To Top