នយោបាយ

វិភាគ: លោក ត្រាំ គេចផុតពីបទចោទប្រកាន់ទម្លាក់តំណែង តែរងការចោទប្រកាន់ ជាច្រើនករណីទៀត

បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែកុម្ភៈនេះថា សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានបើកនីតិវិធីជំនុំជម្រះក្តី លើពាក្យបណ្តឹងចោទប្រកាន់ ទម្លាក់តំណែងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី របស់ប្រទេសមហាអំណាចមួយនេះ ។

នីតិវិធីជំនុំជម្រះក្តីទម្លាក់តំណែង លោក ត្រាំ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃអង្គារ ទី៩រហូតដល់ថ្ងៃពុធ ទី១០ ខែកុម្ភៈនេះ លើនីតិវិធី២ដំណាក់កាលដាច់ដោយឡែកពីគ្នា ដោយមានការបោះឆ្នោតទាំង២ដំណាក់កាល និងត្រូវការសម្លេងគាំទ្រ២ភាគ៣ ។

សមាជិកព្រឹទ្ធសភាសរុប របស់សហរដ្ឋអាមេរិក មានចំនួន១០០នាក់ ដោយ៥០នាក់ មកពីគណបក្សប្រជាធិបតេយ្យ និង៥០នាក់មកពីគណបក្សសាធារណរដ្ឋ ដែលខាងគណបក្សប្រជាធិបតេយ្យ ត្រូវការសម្លេងយ៉ាងតិច១៧សម្លេងបន្ថែម មកពីគណបក្សសាធារណរដ្ឋ ។

នីតិវិធីទាំង២ដំណាក់កាលនោះគឺ ទី១ សមាជិកព្រឹទ្ធសភាបានជជែក អំពីភាពត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ក្នុងការចោទប្រកាន់ទម្លាក់តំណែង លោក ដូណាល់ ត្រាំ ដោយសារតែអតីតប្រធានាធិបតីរូបនេះ បានបញ្ចប់អាណត្តិ និងលែងកាន់តំណែងទៀតហើយ ។ នីតិវិធី ដំណាក់កាលទី២ គឺត្រូវបោះឆ្នោតសម្រេច លើពាក្យបណ្តឹងចោទប្រកាន់ទម្លាក់តំណែងលោក ដូណាល់ ត្រាំ ដែលសមាជិករដ្ឋសភា បានបោះឆ្នោតសម្រេចរួចហើយ កាលពីចុងឆ្នាំ២០២០កន្លងទៅ ។

នៅព្រឹកថ្ងៃពុធនេះម៉ោងនៅកម្ពុជា ត្រូវនឹងថ្ងៃរសៀលនៅសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាទាំង១០០រូប បានបោះឆ្នោតរួចរាល់ហើយ លើនីតិវិធីដំណាក់កាលទី១ ដោយមានសម្លេងគាំទ្រ៥៦ទល់នឹង៤៤ ក្នុងភាពស្របច្បាប់តាមរដ្ឋធម្មនុញ្ញ តាមពាក្យបណ្តឹងចោទប្រកាន់ ទម្លាក់តំណែងលោក ត្រាំ ដែលមានសម្លេង មិនគ្រប់គ្រាន់២ភាគ៣នោះទេ លុះត្រាតែសម្លេង៦៧គាំទ្រ ទើបនីតិវិធីចោទប្រកាន់ទម្លាក់តំណែងលោក ត្រាំ អាចប្រព្រឹត្តទៅបាន ។

យោងតាមលទ្ធផល នៃការបោះឆ្នោតនៅព្រឹទ្ធសភានៅថ្ងៃពុធនេះ បទចោទប្រកាន់ទម្លាក់តំណែងលោក ត្រាំ ត្រូវបានបិទបញ្ចប់ហើយ ប៉ុន្តែអតីតប្រធានាធិបតីរូបនេះ មិនទាន់រួចខ្លួនទេ ដោយនៅរងបទចោទប្រកាន់ ជាច្រើនករណីផ្សេងទៀត ។

បើទោះបីជាសមាជិកព្រឹទ្ធសភា បានបោះឆ្នោតសម្រេចទម្លាក់ចោល បទចោទប្រកាន់ទម្លាក់តំណែងលោក ត្រាំ ក៏ដោយ ក៏អតីតប្រធានាធិបតីរូបនេះ នៅតែបន្តទទួលរង បទចោទប្រកាន់ជាច្រើនករណីទៀតដែរ ពីគណបក្សប្រជាធិបតេយ្យ ។

គណបក្សប្រជាធិបតេយ្យ បានដាក់ពាក្យចោទប្រកាន់លោក ត្រាំ ទៅកាន់តុលាការទីក្រុង ម៉ាន់ហាតាន់ រួចរាល់ហើយ ពីបទក្លែងបន្លំពន្ធ បោកប្រាក់ផ្នែកធានារ៉ាប់រង និងបទញុះញង់អោយមានអំពើហិង្សា នៅវិមានកាពីតូលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ។

រដ្ឋអាជ្ញាខាងគណបក្សប្រជាធិបតេយ្យ បានរកឃើញថា ចាប់តាំងពីលោក ត្រាំ បានចូលកាន់តំណែង អតីតប្រធានាធិបតីរូបនេះ បានបង់ពន្ធចូលរដ្ឋតែទឹកប្រាក់ ៧៥០ដុល្លារតែប៉ុណ្ណោះ ដោយការប្រកបមុខរបរកន្លងមក លោក មិនដែលបង់ពន្ធទេ ។

លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនបានបង់ពន្ធជូនរដ្ឋ គឺដោយសារជំនួញរបស់លោកបានខាតបង់ ហើយក្រោយពីលោក បានឡើងកាន់តំណែង ជាប្រធានាធិបតី អតីតប្រធានាធិបតីរូបនេះ មិនដែលបង់ពន្ធនោះទេ ដោយប្រើអំណាចគេចពីច្បាប់ ។

លោក Bill Cassidy សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា លោក ត្រាំ នឹងមិនអាចគេចផុត ពីការចោទប្រកាន់នោះទេ ដោយសារអតីតប្រធានាធិបតីរូបនេះ បានប្រព្រឹត្តបទល្មើសជាច្រើន ក្នុងតំណែងជាប្រធានាធិបតី ។

លោក Bill Cassidy បានបន្ថែមថា បទចោទប្រកាន់ដែលលោក ត្រាំ មិនអាចគេចផុតបាន គឺការគេចវេសមិនបង់ពន្ធជូនរដ្ឋ និងការញុះញង់អោយមានអំពើហិង្សា កាលពីថ្ងៃទី៦ ខែមករា ដើមឆ្នាំ២០២០នេះ ដោយជំរុញក្រុមបាតុករ អោយសម្រុកចូលទៅក្នុងវិមានកាពីតូល ខណៈដែលសមាជិករដ្ឋសភា និងព្រឹទ្ធសភាកំពុងបើកសម័យប្រជុំ និងបណ្តាលអោយមនុស្ស ចំនួន៥នាក់ បានបាត់បង់ជីវិត ។

ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយមន្ត្រី ខាងគណបក្សប្រជាធិបតេយ្យ នៅតែបន្តដាក់ពាក្យបណ្តឹង ចោទប្រកាន់លោក ដូណាល់ ត្រាំ គឺដោយសារមន្ត្រីទាំងនោះ កំពុងស្វែងរកមធ្យោបាយ រារាំងអតីតប្រធាធិបតីរូបនេះ មិនអោយមានលទ្ធភាពស្របច្បាប់ ក្នុងការឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតី នៅក្នុងការបោះឆ្នោតអាណត្តិទី២ របស់លោក ចូ បៃដិន នៅឆ្នាំ២០២៤ ។

បើតុលាការសម្រេចក្តី អោយលោក ត្រាំ ជាប់ទោស ទៅតាមបទចោទប្រកាន់មែន នៅពេលខាងមុខ អតីតប្រធានាធិបតីរូបនេះ នឹងមិនមានសិទ្ធិក្នុងការឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតី នៅឆ្នាំ២០២៤ទៀតទេ ដោយសារតែលោក នៅជាប់ពិរុទ្ធនៅឡើយ ទៅតាមសេចក្តីសម្រេចរបស់តុលាការ ។

គិតត្រឹមថ្ងៃពុធនេះ លោក ដូណាល់ ត្រាំ បានរួចផុត ពីបទចោទប្រកាន់ទម្លាក់តំណែងហើយ ប៉ុន្តែនៅករណី ចោទប្រកាន់ទាំង២ករណីខាងលើ ដែលអតីតប្រធានាធិបតីរូបនេះ មិនអាចរួចខ្លួនបានទេ ហើយលោក ត្រាំ ក៏ជាប្រធានាធិបតីដំបូងក្នុងប្រវត្តិសាស្ត្រ របស់សហរដ្ឋអាមេរិក ដែលបានទទួលរង បទចោទប្រកាន់ច្រើនជាងគេ ៕
អ៊ី ជិន

To Top