ព័ត៌មានជាតិ

បង្គាចាក់ចាហួយជាង១តោន នាំចូលពី វៀតណាម ត្រូវមន្ត្រីជំនាញបង្ក្រាប នៅតាមបណ្តោយផ្លូវជាតិលេខ៣

ភ្នំពេញ៖ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់ បញ្ជូលចាហួយបន្ថែម ដើម្បីបង្កើនទម្ងន់ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ សរុបជាង១តោន នៅលើរថយន្ដ២គ្រឿង។

ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមការចង្អុលបង្ហាញពី លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តទាំង២គ្រឿង ត្រូវបានស្ទាក់ចាប់បាន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ភ្លាមៗនោះមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តទាំង២គ្រឿង ខាងលើដែល សង្ស័យមានបង្គាក្លាសេ្សចាក់បន្ថែមចាហួយ មកអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគនៅនាយកដ្ឋានមន្ទីរពិសោធន៍។

ផ្ទាំងពាណិជ្ជកម្ម

ជាលទ្ធផល មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកវត្តមានបង្គា ក្លាស្សេមានចាក់បន្ថែមចាហ៊ួយ ចំនួន ៥៦ កេស ស្មើ ១០០៨គីឡូក្រាម។
តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញ ទាំង២គ្រឿងនេះ បានឱ្យដឹងថា ទំនិញជាគ្រឿងសមុទ្រ រួមមានបង្គាកាស្សេ និងក្តាម សរុបចំនួន ៦៥០កេស នៅលើរថយន្តទាំង២ខាងលើ មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។

ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានរក្សាទុកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
មន្ដ្រីជំនាញបានអះអាងទៀតថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិឱ្យពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ និងសូមអំពាវនាដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមាន ការសង្ស័យពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕

To Top