បច្ចេកវិទ្យា

ប្រសិនបើលោក អ្នកប្រើកម្មវិធី Slack លោកអ្នកគួរតែធ្វើការ ផ្លាស់ប្ដូរលេខ សម្ងាត់ឱ្យបានឆាប់រហ័ស

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Slack បានផ្ញើអ៊ីមែល ទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ជាបន្ទាន់ ព្រោះក្រុមហ៊ុនបានរក្សាទុក លេខសម្ងាត់ទាំងនោះដោយមិន បានប្រើប្រព័ន្ធអ៊ីនគ្រីបសិន (encryption) ចាប់ផ្ដើមពីថ្ងៃទី ២១ខែធ្នូដល់ថ្ងៃទី ២១ខែមករាកន្លងទៅនេះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដើម្បីឆ្លើយតបពីការព្រួយបារម្ភ របស់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនពុំទាន់បានឃើញការ ជ្រៀតចូលប្រើប្រាស់ណាមួយ ក្នុងរយៈពេលថ្មីៗនេះទេ ហើយសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភ នៅពេលដែលកម្មវិធីស្នើសុំ ឱ្យពួកគេបញ្ចូលលេខសម្ងាត់ថ្មីនោះ ។
ជាងនេះទៅទៀត ក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា បញ្ហានេះ គឺវាមានការប៉ះពាល់ ទៅលើអ្នកប្រើប្រាស់ ដែលបានវាយបញ្ចូលអ៊ីមែល និងលេខសម្ងាត់ ក្នុងរយៈពេលមួយខែនោះតែប៉ុណ្ណោះ ។ ប្រសិនបើលោកអ្នកបានប្រើប្រព័ន្ធ Single-sign-on (SSO) ដែលមិនតម្រូវឱ្យលោកអ្នក វាយបញ្ចូលលេខសម្ងាត់ រាល់ពេលចូលប្រើកម្មវិធីនោះ លោកអ្នកនឹងមិនចាំបាច់ ធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ទេ ។

សម្រាប់លោកអ្នក ដែលពុំដែលប្រើកម្មវិធី Slack នោះវាគឺជាកម្មវិធីសម្រាប់អ្នកធ្វើពាណិជ្ជកម្ម ដើម្បីសម្រួលក្នុងការទំនាក់ទំនង និងសហការគ្នាក្នុងការគ្រប់គ្រងកិច្ចការប្រចាំថ្ងៃ ឬគម្រោងណាមួយឱ្យកាន់ តែមានភាពងាយស្រួល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top