ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការសម្រេចអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។
សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា«ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Sinovac’s COVID-19 ផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និង AstraZeneca’s COVID-19 របស់ប្រទេសអង់គ្លេស។ វ៉ាក់សាំងទាំង២នេះ ត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្តាប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងទាំង២នេះ ត្រូវបានដាក់ឲ្យអនុវត្តតាមពិធីសារ ស្តីពីសុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ»៕

