ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន៖ ថ្ងៃចូលឆ្នាំចិនមិនមែន ជាថ្ងៃឈប់សម្រាក របស់មន្ត្រីរាជការទេ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ ខែ កុម្ភៈ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា “ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ការងារក៏រង្វើលតាមនោះ ហេតុនេះក៏និយាយពីរឿងប្រវត្តិសាស្ត្រមួយ”។

ជាមួយគ្នានោះលោក ខៀវ កាញារីទ្ធ បានលើកយករឿងប្រវត្តិសាស្ត្រ មួយមកដំណាលដូចតទៅ៖ គេតែងនិយាយថា មនុស្សអាក្រក់មានពេលខ្លះក៏មានបីសាចតាមថែរក្សាដែរ ពិសេសពេលវាសនាមនុស្សត្រូវទទួលបាបកម្ម ។ ជាឧទាហរណ៍ ជីវិតរបស់ Adolf Hitler ។ នៅថ្ងៃទី១០ មករា ១៩៣៣ ក្រោយការឈ្នះឆ្នោត ហ៊ីត្លែរ ត្រូវបានតែងតាំងជាអធិការបតី នៃប្រទេសអាល្លឺម៉ង់ ហើយវិធានការនយោបាយ របស់ហ៊ីត្លែរដំបូងគេគឺ លុបបំបាត់ក្រុមប្រឆាំងឆ្វេងនិយម ។

វិធានការនយោបាយនេះ បានធ្វើអោយជាងឈើម្នាក់ឈ្មោះ Georg Elser ដែលជាមនុស្សឆ្វេងនិយមម្នាក់ កើតចិត្តប៉ងសម្លាប់ហ៊ីត្លែរ ដោយការបំផ្ទុះគ្រាប់បែក នៅពេលដែលហ៊ីត្លែរចូលរួមខួប នៃការប៉ុនប៉ងទម្លាក់ រដ្ឋាភិបាលអាល្លឺម៉ង់នាថ្ងៃ៨ វិច្ឆិកា ១៩២៣ ក្នុងក្រុងមុយនិច ។

ផ្ទាំងពាណិជ្ជកម្ម

នៅយប់ថ្ងៃទី៨ វិច្ឆិកា ១៩៣៩ ហ៊ីត្លែរបានមកចូលរួមក្នុងពិធីរំលឹកខួប នៅក្នុងកន្លែងភោជនីយដ្ឋានដូចសព្វដង ហើយនៅអង្គុយលើទីកន្លែងដែលលោក Georg Elser បានបង្កៃគ្រាប់បែកនោះ ។ អ្នកអង្គុយជាមួយហ៊ីត្លែរនៅពេលនោះ ហើយនឹងត្រូវស្លាប់ក្នុងការផ្ទុះនេះដែរមាន លោក Himmler, Goebbels និង ថ្នាក់ដឹកនាំបក្ស Nazi មួយចំនួនទៀត ហើយ អវត្តមានតែលោក Hermann Goering ដែលជាអ្នកបន្តវេនពីហ៊ីត្លែ តែប៉ុណ្ណោះ ។

ប៉ុន្តែនៅយប់នោះមេឃ មានអ័ព្វខ្លាំងមិនអាចអោយហ៊ីត្លែរ ត្រលប់ទៅទីក្រុងប៊ែរឡាំង ដោយយន្តហោះបានទេ គឺត្រូវវិលវិញតាមរថភ្លើង ។ ហ៊ីត្លែក៏បានកាត់បន្ថយកម្មវិធីជួបជុំ ហើយវិលទៅប៊ែរឡាំងវិញ តាមរថភ្លើងហែអមដោយថ្នាក់ដឹកនាំបក្ស Nazi ។ ៨ នាទីក្រោយការចេញដំណើររបស់ហ៊ីត្លែ គ្រាប់បែកបានផ្ទុះឡើងសម្លាប់មនុស្សអស់ ៨ នាក់ ។

គេបានវិភាគថា បើហ៊ីត្លែរស្លាប់នៅពេលនោះ សង្គ្រាមលោកលើកទី២ នឹងមិនមានកើតឡើងបាន ហើយការសម្លាប់រង្គាល (Holocaust) ក៏នឹងមិនមានដែរ ព្រោះអ្នកដែលត្រូវបន្តការងារពីហ៊ីត្លែរ គឺលោក Goering គឺជាអ្នកដែលមិនគាំទ្រគំនិតធ្វើសង្គ្រាម តែជាអ្នកប្រឹងសម្រុះសម្រួល ជាមួយនឹងប្រទេសអង់គ្លេស និង បារាំងទៅវិញ ។ នៅមានការប៉ុងប៉ងធំៗដែលសមតែ នឹងបានជោគជ័យក្នុងការសម្លាប់ហ៊ីត្លែរ តែទីបំផុតបរាជ័យទាំងមិនសមបរាជ័យ ៕

To Top