ព័ត៌មានជាតិ

សម្ដេចតេជោ៖ បេសកម្មអ្នកសារព័ត៌មាន ពិតជាមានសារសំខាន់ ក្នុងការចូលរួមលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បេសកកម្ម អ្នកសារព័ត៌មានពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុ ស្ស ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ជាពិសេស ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាពេលបច្ចុប្បន្ន។

តាមរយៈសារលិខិតក្នុងឱកាស «ទិវាវិទ្យុពិភពលោក» លើកទី១០ ចេញផ្សាយនាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ បានកោតសរសើរដោយស្មោះចំពោះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអ ស់និយាយជារួម និងនិយាយដោយឡែកចំពោះ អ្នកសារព័ត៌មានដែលបំពេញការងារ នៅក្នុងស្ថាប័នវិទ្យុផ្សាយសំឡេង ទាំងស្ថាប័នរដ្ឋ និងឯកជននៅកម្ពុជា ដែលបានខិតខំពុះពាររាល់ឧបសគ្គ និងការលំបាកក្នុងការបំពេញការងាររបស់ខ្លួន ផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ព្រមទាំង បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់ដំណាក់កាលក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋបានដឹងនិង ស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា សភាពការណ៍ប្រែប្រួលនៅលើសកលលោក។

សម្ដេចតេជោ បន្ដថា ជាពិសេសបានផ្សព្វផ្សាយព័ត៌មាន បានច្បាស់លាស់អំពីការវិវត្តនៃជំងឺកូវីដ-១៩ និងវិធានការបន្ទា ន់របស់រាជរដ្ឋាភិបាល ក៏ដូចជា វិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាល ដាលនៃជំងឺឆ្លងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលបាន ទទួលជោគជ័យយ៉ាងធំធេងដែលរហូតមកដល់ ពេលនេះគ្មានប្រជាពលរដ្ឋខ្មែរ ឬជនបរទេសណាម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ -១៩ នៅកម្ពុជាឡើយ ហើយបើ ប្រៀបធៀបទៅ នឹងប្រទេសមួយចំនួននៅក្នុងតំបន់ អ្នកឆ្លងមេរោគកូវីដ-១៩ នៅកម្ពុជា មានចំនួនតិចហើយការឆ្លង ចូលសហគមន៍ត្រូវបានចាត់វិធានការ ទប់ស្កាត់បានទាន់សភាពការណ៍ និងមានប្រសិទ្ធភាព។

សម្ដេចតេជោ មានប្រសាសន៍ថា «មួយវិញទៀត ស្ថាប័នវិទ្យុផ្សាយសំឡេង ក៏ដូចជាស្ថាប័នសារព័ត៌មានទាំងអស់ បានចូលរួមប្រយុទ្ធប្រឆាំងនឹង ព័ត៌មានក្លែងក្លាយដែលបង្កឡើង ដោយពួកឱកាសនិយម ប៉ុនប៉ងបង្កភាពចលាចល នៅក្នុងសង្គមដើម្បីរំខានដល់ការរស់ឡើងវិញ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ដោយបាន ធ្វើការបកស្រាយ ពន្យល់ប្រជាពលរដ្ឋ និងអន្តរជាតិបានយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែមាន ទំនុកចិត្តមកលើរាជរដ្ឋាភិបាល»។

សម្ដេចតេជោ បន្ថែមថា «បេសកកម្មរបស់បងប្អូន (អ្នកសារព័ត៌មាន) ពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយលទ្ធិប្រជាធិ បតេយ្យ និងការគោរពសិទ្ធិមនុស្ស ការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយ ចីរភាព ការពារសេចក្តីសុខសាន្ត និងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ព្រមទាំង ការពារអាយុជីវិតរបស់ប្រជាពល រដ្ឋរបស់យើង ឲ្យរួចផុតពីការយាយីនៃជំងឺឆ្លងកូវីដ-១៩ដ៏កាចសាហាវនាពេលបច្ចុប្បន្ន»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសាជាថ្មីម្តងទៀត ដល់អ្នកសារព័ត៌មាន នៅក្នុងស្ថាប័នវិទ្យុ ផ្សាយសំឡេង ក៏ដូចជា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាម ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មាន ប្រភព ច្បាស់លាស់ដោយពុំបានគិតអំពីក្បួនខ្នាតវិជ្ជាជីវៈ និងខ្វះការទទួលខុសត្រូវ ដែលអាចបង្កឲ្យមានការច្របូកច្របល់ នៅក្នុងសង្គម និងប៉ះពាល់ដល់ទំនាក់ទំនងល្អជាមួយគ្នា និងសូមឲ្យអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងព័ត៌មានក្លែងក្លាយឲ្យបានសកម្មថែមទៀត ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលជាបំណងប្រាថ្នា របស់មនុស្សជាតិ នៅទូទាំងពិភពលោក៕

ដោយ៖ អេង ប៊ូឆេង

To Top