Covid-19

ថ្ងៃនេះព្យាបាល អ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយ៣នាក់ ខណៈគ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអះអាងថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយចំនួន៣នាក់ ខណៈគ្មានអ្នកឆ្លងថ្មីនោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹង នៅថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២១ថា មានករណីជាសះស្បើយ សរុបចំនួន ៣នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើ ដំណើរមកពីប្រទេសថៃ) ។
អ្នកដែលព្យាបាលជាសះស្បើយមាន៖

១- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ ។

២- បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរ មកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ។
សូមកត់សម្គាល់ថា៖ បុគ្គលទាំង ២នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញ ពីមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ ។

៣- បុរសជនជាតិនីហ្សេរីយ៉ា អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ ។ បុរសរូបនេះត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត រាជធានីភ្នំពេញ ។

សូមជម្រាបថា បន្ទាប់ដំណើរចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ដែលប្រទេសចិន បានផ្តល់ជំនួយ១លានដូសហើយ បានមកដល់កម្ពុជា កាលពីកន្លងមកនេះចំនួន៦០ម៉ឺនដូសនោះ សម្ដេច តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រើប្រាស់ វ៉ាក់សាំង Sinovac របស់ ចិន និង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌ ប្រើប្រាស់ បន្ទាន់ ។

ក្រសួងសុខាភិ បាល របស់ កម្ពុជា នៅ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសឱ្យដឹងថា ដោយមាន ការឯកភាព ពីសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួង សម្រេច អនុញ្ញាត ឲ្យប្រើប្រាស់ វ៉ាក់សាំង ការពារកូវីដ-១៩ Sinovac របស់ ចិន និង វ៉ាក់សាំង AstraZeneca របស់ អង់គ្លេស ក្នុងលក្ខខណ្ឌ ប្រើប្រាស់ បន្ទាន់។
វ៉ាក់សាំងទាំងពីរ ត្រូវបានប្រើប្រាស់ ប្រកបដោយសុវត្ថិភាព នៅប្រទេសចិន អង់គ្លេស និងបណ្ដាប្រទេសផ្សេងៗទៀត ៕

To Top