ព័ត៌មានជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រ ប្រទះឃើញ សត្វរំពេទន្លេ ៦៨ក្បាល នៅតាមតំបន់ ទន្លេមេគង្គ រវាងខេត្តក្រចេះ និង ស្ទឹងត្រែង

ភ្នំពេញ ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រទះឃើញសត្វរំពេ ទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើម សិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១ ។

យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ កុម្ភៈនេះ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានឃើញវត្តមាន របស់សត្វរំពេទន្លេដ៏អស្ចារ្យទាំងនេះ កំពុងប្រើប្រាស់ថ្មប៉ប្រះទឹក ជាទ្រនំដើម្បីចាប់ត្រី ខណៈដែលសត្វរំពេខ្លះទៀត កំពុងតែហើរក្រឡឹងចុះឡើង តាមឆ្នេរខ្សាច់ដែលជាទីជម្រក ធម្មជាតិរបស់ពួកវា ដើម្បីបន្តពូជ។ ខណៈពេលនេះ រដូវបន្តពូជរបស់សត្វរំពេទន្លេ បានចាប់ផ្តើមហើយ ។

លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះ ប្រចាំតំបន់ទន្លេមេគង្គ នៃអង្គការ WWF បានថ្លែងថា “សត្វរំពេទន្លេជាប្រភេទ បក្សីមានមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ ពោះស ហើយភាគច្រើនត្រូវបានគេប្រទះឃើញក្នុងរដូវ កាលបន្តពូជរបស់ពួកវា ដែលចាប់ផ្តើម ពីខែមករាដល់ខែឧសភា។”

លោកបានបន្ថែមទៀតថា “ចំនួនសត្វរំពេទន្លេ ដែលបានប្រទះឃើញ ពេលនេះមានចំនួនច្រើនជាងចំនួន ដែលបានប្រទះឃើញកាលពីឆ្នាំមុន ដែលពេលនោះឃើញសត្វរំពេទន្លេមានតែ ៦៤ក្បាល ប៉ុណ្ណោះ” ។

ចំនួនបក្សីនេះ មានកំណើនទ្វេដង ក្នុងរយៈពេលប្រាំឆ្នាំ ដែលកើនពី ៣១ក្បាល ក្នុងឆ្នាំ២០១៦ ដល់ ៦៨ ក្បាល ក្នុងដើមឆ្នាំ២០២១។ សត្វរំពេទន្លេជាប្រភេទ បក្សីមួយ ដ៏កម្របំផុតក្នុងចំណោមប្រភេទបក្សី កម្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្នុងប្រទេសកម្ពុជា សត្វរំពេ ទន្លេបានធ្លាក់ចុះ ៨០% ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដែលមានចំនួនប៉ាន់ប្រមាណ សរុបទូទាំងប្រទេសចន្លោះពី ៥៤ ដល់ ៦២ ក្បាល ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨ ។ បក្សីនេះស្ថិតក្នុងបញ្ជីក្រហម នៃប្រភេទសត្វ “ងាយរងគ្រោះ” ៕

To Top